(បាងកក)៖ ប្រទេសថៃអាចនឹងបន្តបាត់បង់ភ្លៀវទេសចររហូតដល់ ២០០,០០០នាក់ និងប្រាក់ចំណូលពីវិស័យនេះ ចំនួន ២៩៣ដុល្លារក្នុងឆ្នាំ ២០១៦ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ១១ករណីក្នុងរយៈពេលពីរថ្ងៃ និងការរកឃើញ គ្រាប់បែក ដែលមិនទាន់ផ្ទុះមួយចំនួនទៀតនៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។
អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ បានបង្ហាញការព្រួយបារម្ភខាងលើនេះ ក៏ព្រោះតែការបំផ្ទុះបានកើតឡើងទៅលើ ទីក្រុង Hua Hin និងកោះ Phuket ដែលធ្លាប់ជាកន្លែងដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ប៉ុន្តែចាប់តំាងពីការផ្ទុះគ្រាប់បែក បានកើតឡើងកាលពីសប្តាហ៍មុននេះ តួលេខភ្ញៀវទេសចរទៅកាន់តំបន់ទាំងនេះ បាននិងកំពុងធ្លាក់ចុះយ៉ាងគំហុក ជាក់ស្តែងហាងលក់ដូរ និងក្លឹបកម្សាន្តនានាក៏នៅបន្តបិទទ្វារមកដល់ពេលនេះដែរ។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ជាតិថៃ បានថ្លែងថា «ការបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុននោះ នឹងជះឥទ្ធិពលដ៏អាក្រក់រយៈពេលយូរសម្រាប់ វិស័យទេសចរណ៍ក្នុងតំបន់ តាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និង ប្រាក់ចំណូល ដែលភាគច្រើននោះគឺចំពោះភ្ញៀវពីតំបន់អាស៊ីតែម្តង។ សម្រាប់ការបាត់បង់ភ្ញៀវទេសចរ ២០០,០០០នាក់នោះ ក៏វាមានន័យថាប្រទេសថៃនឹងខាតបង់ចំណូលជាតិ ២៩៣លានដុល្លារអាមេរិកផងដែរ»។
គួរបញ្ជាក់ថាការបំផ្ទុះគ្រាប់បែក បានកើតឡើងអំឡុងទិវាបុណ្យម្តាយ ឬបុណ្យចំរើនព្រះជន្មក្សត្រីយានីថៃ ដែលបាន បណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ និង ៣០នាក់រងរបួស ក្នុងនោះក៏មានជនបរទេសជាច្រើននាក់ផងដែរ។ ពីដំបូងឡើយ អាជ្ញាធរថៃបានដាក់ការសង្ស័យលើបក្សប្រឆាំង ដែលមិនសុខចិត្តទៅនឹងលទ្ធផលប្រជាមតិ ប៉ុន្តែកាលពី ព្រឹកមិញនេះ លទ្ធផលស៊ើបអង្កេតជាបឋម គឺប៉ូលិសរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយចំនួនទៀត ហើយច្បាស់ ណាស់ថាអ្នកនៅពីក្រោយខ្នង គឺពួកជ្រុលនិយមភាគខាងត្បូង៕