(ភ្នំពេញ)៖ ក្រុមហ៊ុន នីលីដាគ្រុប (Nileda Group) របស់កម្ពុជា និងក្រុមហ៊ុន អូលមិចគ្រុប របស់ប្រទេសបារាំង បានប្រកាសភាពជាដៃគូជាផ្លូវការជាមួយគ្នា ដែលក្រុមហ៊ុនទាំងពីរនេះ សុទ្ធសឹងតែ ជាអ្នកឯកទេស និងមានបទពិសោធន៍ខ្ពស់ផ្នែកកសិកម្ម និងបានរៀបចំវេទិកាផ្សព្វផ្សាយអំពី «ដំណោះស្រាយនិវានុវត្តន៍ ដោយផ្អែកលើសារ៉ាយសមុទ្រ ដើម្បីនិរន្តភាពកសិកម្ម នៅប្រទេសកម្ពុជា»។

វេទិកានេះ ត្រូវបានរៀបចំឡើងរួមគ្នាដោយ អូលមិចផ្នែកថែទាំដំណាំ (Olmix Plant Care) និងផ្នែកថែទាំសត្វ (Olmix Animal Care) និងក្រុមហ៊ុននីលីដាគ្រុប កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលចូលរួមដោយអ្នកជំនាញកសិកម្ម មកពីសមាគមស្វាយចន្ទីកម្ពុជា និងសមាគមកសិករដំឡូងមីខ្មែរ ម្ចាស់ចម្ការទុរេន ចម្ការដំឡូងមី ចម្ការចន្ទី ដេប៉ូចែកចាយរបស់ក្រុមហ៊ុន គម្រោងអង្គការកសិកម្ម ព្រមទាំងអ្នកជំនាញកសិកម្មជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

ក្នុងវេទិកានេះ លោក កង សាវ៉ាង នាយកប្រតិបត្តិក្រុមហ៊ុន អាហ្រ្គោហ្វាម៉ាស៊ី (Agro Farmacy Co.,Ltd) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់នីលីដាគ្រុប និងជាអ្នកតំណាងលោក កាំង វណ្ណៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន នីលីដាគ្រុប បានលើកឡើងថា «ក្រុមហ៊ុននីលីដា មានចក្ខុវិស័យ ប្រែក្លាយជាក្រុមហ៊ុនឈានមុខមុខគេ នាំចូលផលិតផលជី ថ្នាំកសិកម្ម គ្រាប់ពូជ ដែលមានគុណភាពខ្ពស់ ដោយមិនគិតតែប្រាក់ ចំណេញមួយមុខនោះទេ តែយើងគិតទៅលើការ ជួយកសិករកម្ពុជា ឲ្យមានជីវភាព ប្រសើរឡើងតាមរយៈដំណោះស្រាយបច្ចេកទេស ផលិតកម្មដែលមានប្រសិទ្ធភាព ដោយការប្រើប្រាស់ធាតុចូល កសិកម្មដែលត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពកសិកម្ម»។

លោកបានបន្តថា «ក្រុមហ៊ុននីលីដា បាននាំចូល និងផ្គត់ផ្គង់នូវធាតុចូលកសិកម្ម ដែលមានគុណភាពខ្ពស់ ពីក្រុមហ៊ុន អូលមិចគ្រុប រួមមានជីសរីរាង្គ និងជីសម្រួលសរីរៈដំណាំ (Biostimulant) ផ្សំពីសារ៉ាយសមុទ្រ ដែលជាផលិតផលថ្មី អាចជួយដោះស្រាយបញ្ហា សារធាតុចិញ្ចឹម និងស្រ្តេសលើដំណាំ ដោយកត្តាបម្រែបម្រួលអាកាសធាតុ។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានពង្រីកវិសាលភាព ទៅលើការងារគ្រាប់ពូជបន្លែគ្រប់ប្រភេទផងដែរ»។

លោក កង សាវ៉ាង បានឲ្យដឹងទៀតថា ក្រុមហ៊ុននីលីដា មានទាំងអ្នកជំនាញ ក្សេត្រសាស្ត្រ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ដែលទទួលការបណ្តុះបណ្តាល បច្ចេកទេសកសិកម្មថ្មីៗជាប្រចាំ ដើម្បីធ្វើការបណ្តុះបណ្តាល បច្ចេកទេសកសិកម្មផ្ទាល់ទៅកសិករ។

នីលីដាគ្រុប បាននាំចូលផលិតផលជាច្រើនពីក្រុមហ៊ុនអូលមិចគ្រុបរបស់បារំាង អង់គ្លេស និងហូឡុង ដែលបានចូលរួម ចំណែកជួយកសិករកម្ពុជា ផលិតដំណាំកសិកម្មទទួលបានទិន្នផលខ្ពស់ តាមរយៈផលិតផលឈានមុខដូចជា៖ ស៊ី-វីដ អេអេ (C-Weed AA) អ្នកជម្រុញដំណុះឬស បន្សាបជាតិពុលរបស់ដី, កាបូផ្លិច (Carboplex) អ្នកផលិតស្ករ, ប្រូផ្លិច (Proplex) អ្នកប្រឆាំងក្រិន, ស៊ីមែលប្លូម (Seamel Bloom) អ្នកការពារផ្កា/ក្តឹប, ស៊ីមែលហ្សិន (Seamel Zen) អ្នកប្រយុទ្ឋនឹងស្រ្តេស, អាមិចសៀល (Amix Silk) អ្នកការពារកំដៅថ្ងៃ, និងជីសរីរាង្គមែលហ្វើត (Melfert) ជម្រើសជីសរីរាង្គសម្រាប់កសិករ។

វេទិកាខាងលើនេះ ត្រូវបានអ្នកជំនាញ ផ្នែកកសិកម្មជាតិ និងអន្តរជាតិបានធ្វើបទបង្ហាញ និងចែករំលែក ពីគន្លឹះ ក្នុងការធ្វើកសិកម្មឲ្យទទួលបានជោគជ័យ និងចែករំលែកពីវិធីប្រើប្រាស់ជី ថ្នាំ ដើម្បីធ្វើយ៉ាងណាជួយឲ្យកសិករកាត់បន្ថយចំណាយ ហើយអាចទទួលបានទិន្នផលខ្ពស់ជាងមុន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុននីលីដា បានទទួលការបណ្តុះបណ្តាលពិសេស ពីក្រុមហ៊ុន អូលមិចគ្រុប នូវបច្ចេកវិទ្យាថ្មីៗ និងដំណោះស្រាយធម្មជាតិដោយផ្អែកលើសារ៉ាយសមុទ្រ (seaweed-based biosolutions) ពីអ្នកជំនាញបារំាង និងអ្នកបច្ចេកទេសដែលមានបទពិសោធន៍យូរឆ្នាំ ពីក្រុមហ៊ុនអូលមិចគ្រុប ប្រទេសវៀតណាម ពិសេសលើដំណាំស្រូវ ទុរេន ស្វាយចន្ទី និងស្វាយ៕