(សៀមរាប)៖ រយៈពេល១សប្តាហ៍ហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀរាបអង្គរ (ថ្មី) បានបើកដំណើរការ ទទួលជើងហោះហើរ ពោលគឺចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក។

អាកាសយានដ្ឋានអន្តរជាតិដ៏ធំ វិនិយោគអស់ទឹកប្រាក់ ១១០០លានដុល្លារនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

អ្វីជាការចាប់អារម្មណ៍នេះ វត្តមានព្រលានយន្តហោះដ៏ស្រស់ស្អាតនេះ បានឆក់យកបេះដូងបងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងប្រជាពលរដ្ឋខេត្តផ្សេងៗទៀត ឱ្យចូលទៅទស្សនាយ៉ាងច្រើនកុះករ ពិសេសថ្ងៃចុងសប្តាហ៍។

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចាក់ទុកការទៅទស្សនាព្រលានយន្តហោះថ្មី ពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះ ជាមោទនភាពមួយ ដែលប្រជាពលរដ្ឋចង់ឃើញសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយថាការចូលទស្សនានេះ មិនបានបង្កបញ្ហា ឬចលាចលអ្វីនោះទេ។

តាមរយៈ Facebook របស់ខ្លួន អភិបាលខេត្តរូបនេះ បានស្នើ និងណែនាំដល់គណៈគ្រប់គ្រងព្រលានយន្ត និងអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ទាំងការលក់ដូរ ទាំងបរិស្ថានអនាម័យ និងសម្រួលសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសបងប្អូន ដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប។

លោក ប្រាក់ សោភ័ណ បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «កេរ្តិ៍មរតកសម្តេចតេជោយើងតើ ហេតុអ្វីពុកម៉ែបងប្អូន ទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះមិនបាន ពួកគាត់មិនបានទៅបង្កបញ្ហា ឬ បង្កើតចលាចលទេ ជាសេចក្តីមោទកដែលពីមុនជាទីព្រៃសំបូរ ទៅដោយមីនបានក្លាយជាទីកន្លែង ដែលអភិវឌ្ឍន៍បែបនេះ។ ខាងគណៈគ្រប់គ្រងព្រលាន និងរដ្ឋបាលស្រុកបានរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ មន្ទីរពាក់ពន្ធ័ក៏បានរៀបចំ ដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសពុកម៉ែបងប្អូន ដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប»

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

បើគ្មានអ្វីប្រែប្រួលទេ ពិធីសម្ពោធជាផ្លូវការអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕