(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក អ៊ុក សីហា ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ការតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ការតែងតាំងលោក អ៊ុក សីហា ជាទីប្រឹក្សាសម្តេចតេជោ គឺជាការផ្តល់ឱកាសឱ្យលោក បានរួមចំណែកអមដំណើរសម្តេចតេជោ ក្នុងកិច្ចការបម្រើបក្សប្រជាជនកម្ពុជា ឈរជើងក្នុងសមរភូមិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា លោក អ៊ុក សីហា គឺជាកូនចៅដ៏ស្ម័គ្រស្មោះមួយរូប ដែលបានបម្រើសម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៨មកម្ល៉េះ។ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឹងប្រែងទប់ទល់នឹងការប៉ុនប៉ុងវិលត្រឡប់មកវិញនៃកម្លាំងខ្មែរក្រហម លោក អ៊ុក សីហា ជាមេទ័ពស្រួចមួយរូបប្រយុទ្ធទប់ទល់នឹងកងកម្លាំងខ្មែរក្រហម។

លោក អ៊ុក សីហា ធ្លាប់បានបម្រើការងារជាមេបញ្ជាការមូលដ្ឋានទន្លេ ហើយក្រោយមកបំពេញការងារ​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ។ លោកជាយុទ្ធជនមួយរូប ដែលបានកសាង និងបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យ​ការ​ពារ​ជាតិ។ ជាពិសេសលើកិច្ចការការពារបូរណភាពទឹកដី រួមជាមួយដែនសមុទ្ររបស់កម្ពុជា។

បើទោះបីត្រូវបានបញ្ចប់តួនាទីពីការងារគ្រប់គ្រងដែនសមុទ្រយ៉ាងណាក្តី លោក អ៊ុក សីហា ត្រូវបានរាជ​រដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្ត ទូលថ្វាយព្រះមហាក្សត្រតែងតាំង​រូប​លោកជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីបានចូលរួមចំណែកបម្រើជាតិក្នុងវិស័យ​ការពារជាតិ​ជា​បន្តទៀត៕