(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានក្រើនរំលឹកដល់លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ទូទាំងស្រុកបាកាន ត្រូវបន្តការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច បម្រើជាតិ និងប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមានតម្លាភាព ចៀសវាងដាច់ខាត បង្កើតបញ្ហាដែលនាំឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំ។

លោកអភិបាលខេត្ត បានក្រើនរំលឹកបែបនេះ នៅសាលប្រជុំសាលាស្រុកបាកាន ក្នុងឱកាសជួបសំណេះសំណាល​ ជាមួយក្រុមប្រឹក្សាស្រុក​ និងក្រុមប្រឹក្សាឃុំ​ ទូទាំងស្រុកបាន ចំនួន១០២រូប ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៩ នៃស្រុកបាកាន ចំនួន១០២រូប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នានៅថ្នាក់មូលដ្ឋាន គឺរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ទប់ស្កាត់បាននូវទង្វើបង្កចលាចលក្នុងសង្គម និងបទល្មើសផ្សេងៗទៀត។

លោកអភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ ក៏ដូចការប្រកបមុខរបរផ្សេងៗ ពិសេសយុទ្ធសាស្ត្របញ្ចកោណ ដែលទើបនឹងដាក់ចេញនាពេលថ្មីៗនេះ។ ជាមួយគ្នានោះ ត្រូវខិតខំសម្របសម្រួល និងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មានប្រសិទ្ធិភាព និងមិនលម្អៀង ដើម្បីផលប្រយោជន៍គូរភាគីទាំងសង្ខាង។

លោក ខូយ រីដា ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ត្រូវផ្សព្វផ្សាយ និងចលនាសម្អាតបរិស្ថាន ឱ្យបានស្អាតល្អ និងមានភាពឆ្លាតវ័យ ក្នុងការគៀរគររកប្រភពចំណូល ដើម្បីយកមកចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការរីកចម្រើនជានិច្ចតរៀងទៅ៕