(ប៉េកាំង)៖ ពេលស្នាក់នៅក្រុងប៉េកាំង Fresh News និងថ្នាក់ដឹកនាំ នៃប្រព័ន្ធផ្សព្វផ្សាយពិភពលោក ទទួលបានការពន្យល់ ពាក់ព័ន្ធនឹងសំពៅ និងប្រវត្តិរបស់អ្នករុករកដ៏សំខាន់មុនគេរបស់ពិភពលោក ដែលជាជនជាតិអាស៉ីយើង មានឈ្មោះថា ចឹង ហឺ (Zheng He)។ អ្វីដែលពិសេសសម្រាប់កម្ពុជាយើងនោះ គឺនៅត្រង់ថា ចឹង ហឺ ក៏ធ្លាប់បានមកដល់រាជធានីអង្គរ និងធ្វើកំណត់ហេតុអំពីប្រទេសខ្មែរនាចុងសម័យអង្គរផងដែរ។

* ប្រវត្តិរូបនិងស្នាដៃ

ចឹង ហឺ (郑和 ) កើតនៅក្នុងគ្រួសារចិនមូស្លីមនាឆ្នាំ១៣៧១ ចុងសម័យរាជវង្សយ័ន ក្នុងទីក្រុងគួនយ៉ាង (Kunyang) ក្បែរក្រុងគួនមីង (Kunming) នៃខេត្តយូណាន (Yunnan) ប្រទេសចិនបច្ចុប្បន្ន។ លោកមានឈ្មោះដើមហៅថា ម៉ា សាន់ប៉ាវ (Ma Sanbao) ក្រោយមកត្រូវបានគេប្ដូរឈ្មោះថា ម៉ា ហឺ (Ma He) ប៉ុន្តែនៅពេលរាជវង្សម៉េងគ្រប់គ្រងប្រទេសចិន លោកក៏ត្រូវបានព្រះចៅអធិរាជប្រទានឈ្មោះថ្មីដល់លោកថា ចឹង ហឺ វិញ ហើយក៏ជាឈ្មោះដែលគេនិយមសរសេរក្នុងឯកសារប្រវត្តិសាស្ត្រផងដែរ។

ជាបុគ្គលល្បីក្នុងប្រវត្តិសាស្ត្រមួយរូប ចឹង ហឺ បានឆ្លងកាត់សម័យកាលនិងព្រឹត្តិការណ៍ច្រើនរាប់មិនអស់ គិតចាប់ពីចុងសម័យរាជវង្សយ័ន (Yuan Dynasty 1271-1368) រហូតដល់ដើមសម័យរាជវង្សម៉េង (Ming Dynasty 1368-1644) តួយ៉ាងដូចជាព្រឹត្តិការណ៍សង្គ្រាមផ្ដួលរំលំរាជវង្សចាស់បង្កើតរាជវង្សថ្មី ការធ្វើរាជប្រហារកម្ចាត់ស្ដេចចាស់ផ្លាស់រាជ្យស្ដេចថ្មី ចូលរួមសង្គ្រាមជីវិតផ្ញើនៅលើខ្នងសេះ ព្រមទាំងដឹកនាំដំណើររុករកតាមផ្លូវសមុទ្រដ៏វែងឆ្ងាយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិន។

* ពីឈ្លើយសឹកទៅជាមេបញ្ជាការទ័ព

នៅឆ្នាំ១៣៨១ កងទ័ពមហាម៉េងបានដេញកម្ចាត់កងទ័ពម៉ុងហ្គោលនៅខេត្តយូណាន ដែលជាកងទ័ពចុងក្រោយនៃរាជវង្សយ័ននៅលើទឹកដីចិននាសម័យនោះ។ ពួកគេបានចាប់ខ្លួន ម៉ា សាន់ប៉ាវ និងបុរសដទៃទៀតជាឈ្លើយសឹក និងឱ្យចូលបម្រើការក្នុងជួរកងទ័ព។ ក្រោយមក ម៉ា សាន់ប៉ាវ ត្រូវបានគេប្តូរឈ្មោះទៅជា ម៉ា ហឺ វិញ។ នៅយូណានភាគខាងត្បូងប្រទេសចិន ម៉ា ហឺ ទទួលបានការបណ្តុះបណ្តាលផ្នែកអក្សរសាស្ត្រ និងយោធាសាស្ត្រពីរាជការម៉េង ហើយក្រោយមកលោកក៏ទទួលបានតំណែងជាមេទ័ពយ៉ាងឆាប់រហ័ស។ ប្រការនេះបានធ្វើឱ្យ ម៉ា ហឺ មានទំនាក់ទំនងយ៉ាងសំខាន់នៅក្នុងរាជការម៉េង។

ប្រទេសចិននាសម័យនោះគឺស្ថិតក្នុងរជ្ជកាលក្សត្រដំបូងនៃរាជវង្សម៉េង គឺអធិរាជហុងអ៊ូ (Hongwu Emperor) ដែលព្រះអង្គមានឈ្មោះដើមហៅថា ជូ យានចាង (Zhu Yuanzhang)។ បន្ទាប់ពីអធិរាជម៉េង ហុងអ៊ូ សោយទិវង្គតទៅ រាជ្យបល្ល័ង្កក៏បានទៅលើក្សត្រថ្មីឈ្មោះ ជូ អ៉ីនវិន (Zhu Yunwen 1368-1398) ដែលត្រូវជាព្រះនត្តារបស់អធិរាជហុងអ៊ូ។ ក្សត្រ ជូ អ៉ីនវិន នៅពេលឡើងសោយរាជ្យបន្តពីព្រះអយ្យកោ ព្រះអង្គទទួលព្រះបរមនាមសម្រាប់រាជ្យថា អធិរាជជានវិន (Jianwen Emperor 1398-1402) ប៉ុន្តែរាជការក្នុងរជ្ជកាលព្រះអង្គមានការរង្គោះរង្គើ កើតមានចលនាក្បត់ពីសំណាក់រាជវង្សខ្លួនឯង រហូតឈានដល់អំពើរាជ្យប្រហារទម្លាក់ព្រះអង្គពីរាជ្យបល្ល័ង្ក។ ចលនាធ្វើរាជ្យប្រហារនេះដឹកនាំដោយព្រះអង្គម្ចាស់ម្នាក់ឈ្មោះ ជូ ទី (Zhu Di) ដែលត្រូវជាព្រះបិតុលារបស់អធិរាជជានវិនផ្ទាល់តែម្ដង ហើយក៏ជាបុត្រទី៤របស់អធិរាជហុងអ៊ូផងដែរ។ ព្រះអង្គម្ចាស់ ជូ ទី គឺមានគោរម្យងារជាសម្ដេចយាន (Prince of Yan) ដែលមានសិទ្ធិក្ដោបក្ដាប់អំណាចទ័ពពេញដៃ ហើយមានគុណសម្បត្តិធំក្នុងការកម្ចាត់កងទ័ពម៉ុងហ្គោលឱ្យថយទៅភាគខាងជើងវិញ។

ម៉ា ហឺ នៅឯយូណាន បានចូលដៃជាមួយព្រះអង្គម្ចាស់ ជូ ទី ក្នុងការផ្តួលរំលំអំណាចអធិរាជជានវិន រហូតដល់បានសម្រេចនៅក្នុងឆ្នាំ១៤០២។ សម្ដេចយាន ជូ ទី បន្ទាប់ពីទទួលបានជ័យជម្នះលើអធិរាជជានវិនហើយ ព្រះអង្គក៏បានឡើងសោយរាជ្យសម្បត្តិ ហើយទទួលព្រះបរមនាមសម្រាប់រាជ្យថា អធិរាជយ៉ុងឡឹ (Yongle Emperor 1402-1424)។ ដោយការសព្វព្រះទ័យនឹងការខិតខំរបស់ ម៉ា ហឺ អធិរាជយ៉ុងឡឹបានប្រទានត្រកូលថ្មីដល់លោកថា ចឹង (Zheng) ដូច្នេះហើយលោកក៏មានឈ្មោះថ្មីថា ចឹង ហឺ តាំងពីពេលនោះមក។ អធិរាជម៉េង យ៉ុងឡឹ បានបញ្ជាឱ្យ ចឹង ហឺ ដឹកនាំកងនាវាមួយដ៏ធំទៅមហាសមុទ្រខាងលិច។ ភាពស្មោះត្រង់ ចំណេះដឹង ជំនាញការទូត និងជំនាញផ្នែកយោធា បានជួយឱ្យ ចឹង ហឺ ធ្វើដំណើរដោយជោគជ័យ។

* មេដឹកនាំកងនាវាដ៏អស្ចារ្យ

ក្នុងវិស័យនាវាចរណ៍និងការទូតនៅឯនាយសមុទ្រ ចឹង ហឺ ក៏ជាអ្នករុករកផ្លូវសមុទ្ររបស់ចិនម្នាក់ដែលបានធ្វើដំណើរផ្សេងឆ្ងាយជាងគេមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។ មេទ័ព ចឹង ហឺ បានធ្វើនាវាចរណ៍លើកដំបូងនៅឆ្នាំ១៤០៥ ដោយដឹកនាំមនុស្សប្រមាណ២៧,៨០០នាក់។ កងនាវាដ៏ធំរបស់លោកមានសំពៅចំនួន៣១៧គ្រឿង រួមបញ្ចូលទាំងសំពៅផ្ទុករតនសម្បត្តិ គ្រឿងដង្វាយដែលរាជការនគរសម្ពន្ធមិត្តថ្វាយមករាជការម៉េង ក៏ដូចជាគ្រឿងដង្វាយរាជការម៉េងថ្វាយទៅបណ្ដាប្រទេសជាមិត្តនោះវិញដែរ តួយ៉ាងដូច្នេះជាមួយប្រទេសខ្មែរជាដើម។

ដំណើរផ្សងព្រេងទាំងអស់របស់ ចឹង ហឺ មានគោលបំណងកសាងនិងពង្រឹងទំនាក់ទំនងការទូត បង្ហាញអំពីឫទ្ធីអំណាចរបស់រាជការម៉េងទៅកាន់រដ្ឋនានា និងផ្សព្វផ្សាយអំពីវប្បធម៌ចិនទៅក្រៅប្រទេស ហើយនាំមកនូវរតនសម្បត្តិ គ្រឿងដង្វាយពីបណ្ដានគរទាំងនោះជូនដល់រាជការម៉េងវិញ។ ជាមួយនឹងបេសកកម្មចំនួន៧លើកទៅកាន់សមុទ្រខាងត្បូង និងសមុទ្រភាគខាងលិច លោកបានធ្វើកំណត់ត្រាអំពីស្ថានភាពនយោបាយ និងភូមិសាស្ត្រនៅតាមប្រទេសតូចធំជាច្រើននៅអាស៉ីអាគ្នេយ៍ ឥណ្ឌា អាហ្វ្រិកខាងកើត និងតំបន់អារ៉ាប់ ក្នុងនោះក៏មានទាំងប្រទេសចាម្ប៉ា ប្រទេសខ្មែរនាចុងសម័យអង្គរដែលចិនហៅខ្មែរយើងថា «ចេនឡា» ប្រទេសសៀម លាវឡានសាង ម៉ាចាប៉ាហិត ឬមហាប្រទេស បណ្ដារដ្ឋនៅលើកោះស៊ូម៉ាត្រា កោះស៊ូឡាវេស៉ី កោះជ្វា កោះកាលីម៉ាន់តាន់ ម៉ាឡាកា និងបណ្ដារដ្ឋនៅឧបទ្វីបម៉ាឡេ បណ្ដារដ្ឋនៅឈូងសមុទ្របេងហ្កាល់បច្ចុប្បន្ន ប្រទេសស្រីលង្កា បណ្ដានគរនៅឆ្នេរសមុទ្រនៃឧបទ្វីបឥណ្ឌា ព្រមទាំងបណ្ដានគរនៅក្នុងតំបន់អារ៉ាប់ អេហ្ស៉ីប និងបណ្ដារដ្ឋនៅតាមឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិកបច្ចុប្បន្ន។

* បេសកកម្មលើកទី១ និងទី២ (១៤០៥-១៤០៩)

បេសកកម្មការទូតផ្លូវសមុទ្រលើកដំបូងរបស់ ចឹង ហឺ បានធ្វើដំណើរតាមផ្លូវពាណិជ្ជកម្មទៅកាន់អាស៉ីអាគ្នេយ៍ និងឥណ្ឌា ក្នុងនោះលោកបានទៅដល់ក្រុងវិជ័យ និងក្រុងបាណ្ឌុរង្គរបស់ប្រទេសចាម្ប៉ា (ឥឡូវនេះជាប្រទេសវៀតណាម) និងបានធ្វើដំណើរបញ្ច្រាសទន្លេមេគង្គដើម្បីទៅដល់ក្រុងអង្គររបស់ប្រទេសខ្មែរ។ ក្រៅពីនេះ លោកបានទៅដល់ក្រុងអយុធ្យារបស់ប្រទេសសៀម កំពង់ផែម៉ាឡាការបស់ម៉ាឡេ និងកោះជ្វារបស់ឥណ្ឌូណេស៉ី ឆ្លងកាត់មហាសមុទ្រឥណ្ឌាទៅកាន់ទីក្រុង Kozhikode ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា ហើយឈប់នៅប្រទេសស្រីលង្កា។ បណ្ដាព្រះមហាក្សត្រនៃប្រទេសទាំងនោះសុទ្ធតែស្ងើចសរសើរចំពោះជំនាញការទូតរបស់ ចឹង ហឺ។ បណ្ដាសម្ពន្ធមិត្តបានយល់ព្រមបញ្ជូនបេសកទូតទៅកាន់មហាម៉េង ដើម្បីថ្វាយសារលិខិតអបអរសាទរការឡើងសោយរាជ្យរបស់អធិរាជយ៉ុងឡឹ។

អំឡុងពេលធ្វើដំណើរលើកដំបូង ចឹង ហឺ បានចាប់ខ្លួនក្រុមចោរសមុទ្រដ៏ល្បីនៅច្រកសមុទ្រម៉ាឡាកា។ ស្នាដៃនេះបន្ថែមឱ្យលោកនូវកេរ្តិ៍ឈ្មោះល្បីក្នុងនាមជាឧត្តមនាវីឯក និងជាមេបញ្ជាការយោធាដ៏ខ្លាំងក្លា។

ដំណើរបេសកកម្មលើកទី២ ត្រូវបានបំផ្លាញដោយសារមានជម្លោះជាមួយក្សត្រប្រទេសស្រីលង្កា Alagonakkara។ ស្តេងអង្គនេះក្លែងធ្វើជាមិត្តតែមានបំណងចង់ប្លន់សំពៅផ្ទុករតនសម្បត្តិ។ ចឹង ហឺ បានចាប់ស្តេចអង្គនេះបញ្ជូនទៅកាន់ប្រទេសចិន តែបានដោះលែងវិញក្រោយមានការសន្យាថានឹងផ្តល់សួយសារអាករដល់អធិរាជម៉េង។

* បេសកកម្មលើកទី៣ និងទី៤ (១៤០៩-១៤១៥)

ក្នុងដំណើរលើកទី៣ ចឹង ហឺ បានឈប់នៅប្រទេសឥណ្ឌា។ ពេលធ្វើដំណើរត្រលប់ទៅប្រទេសចិនវិញនៅឆ្នាំ១៤១១ លោកបានឆ្លងកាត់សមុទ្រស៊ូម៉ាត្រា ភាគខាងជើងនគរស៊ូម៉ាត្រា (Sumadra Kingdom)។ ដំណើរលើកទី៤ គឺជាមហិច្ឆតាដ៏ធំបំផុត។ ក្រោយសំចតនៅផែកំពង់ផែសំខាន់ៗនៅអាស៉ី លោកបានបន្តដំណើរទៅឥណ្ឌា និងឆ្ពោះទៅកោះហឺម៉ឺស (Hormuz Island) ក្នុងដែនសមុទ្រពែរ្ស (Persian Gulf)។ កងទ័ពជើងទឹកដទៃទៀតធ្វើដំណើរតាមឈូងសមុទ្រអារ៉ាប់ទៅកាន់ប្រទេសយេម៉ែន ឡើងសមុទ្រក្រហមទៅកាន់ទីក្រុងចេដ្ដះ (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត។ បេសកកម្មរបស់លោកមួយទៀត បានទៅទីក្រុងម៉េក្កះ (Mecca) របស់អារ៉ាប៊ីសាអូឌីត ហើយបន្តទៅប្រទេសអេហ្ស៉ីប។ កងទ័ពជើងទឹកក៏បានទៅដល់ឈូងសមុទ្រខាងកើតទ្វីបអាហ្វ្រិក ហើយឈប់នៅទីក្រុងមួយដែលឥឡូវជាប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី ហើយបន្តដំណើរទៅព្រែកជីកម៉ូសំប៊ិក (Mozambique)។

យ៉ាងហោចណាស់ មានរដ្ឋសម្ពន្ធមិត្តជាង៣០បានយល់ព្រមផ្តល់គ្រឿងដង្វាយ និងបញ្ជូនបេសកជនទៅគាល់ថ្វាយសារដល់អធិរាជយ៉ុងឡឹ។ ដោយសារតែមានឈាមជ័រជាម៉ូស្លីម ចឹង ហឺ ក៏បានកសាងចំណងការទូតជាមួយប្រទេសដែលកាន់សាសនាឥស្លាមជាច្រើន។

* បេសកកម្មលើកទី៥ និងទី៦ (១៤១៧-២២)

បេសកកម្ម២លើកនេះធ្វើឡើងក្នុងគោលបំណងបញ្ជូនបេសកជនបរទេសទៅប្រទេសពួកគេវិញ។ ចឹង ហឺ បានទៅដល់បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ឥណ្ឌា អារ៉ាប់ និងអាហ្វ្រិកខាងកើតសាជាថ្មី។ ក្នុងដំណើរលើកទី៦ ចឹង ហឺ បានត្រលប់ទៅកាន់ប្រទេសចិនវិញយ៉ាងឆាប់ជាមួយកងទ័ពរបស់លោកមួយចំនួន រីឯមួយចំនួនទៀតនៅបន្តរុករកនៅឈូងសមុទ្រខាងកើតនៃទ្វីបអាហ្វ្រិក។

* បេសកកម្មលើកទី៧ (១៤៣១-៣៣)

នៅឆ្នាំ១៤២៤ អធិរាជយ៉ុងឡឹបានយាងសោយទិវង្គត។ ក្សត្រឡើងសោយរាជ្យបន្ទាប់ គឺអធិរាជស្វៀនតឺ (Xuande Emperor) បានបញ្ឈប់ដំណើររុករកទាំងអស់ជាបណ្តោះអាសន្ន។ រហូតដល់ឆ្នាំ១៤៣១ ចឹង ហឺ បានចាប់ផ្តើមដំណើរចុងក្រោយរបស់ខ្លួន ដែលលោកបានធ្វើដំណើរទៅកាន់កំពង់ផែនានាចាប់ពីតំបន់អាស៉ីទៅកាន់តំបន់អារ៉ាប់ និងឆ្ពោះទៅអាហ្វ្រិកខាងកើត។ ក្នុងដំណើរត្រលប់ទៅប្រទេសចិនវិញនៅឆ្នាំ១៤៣៣ ចឹង ហឺ បានស្លាប់ដោយរោគាពាធនៅទីក្រុង Kozhikode ឬ Calicut របស់ប្រទេសឥណ្ឌា។ ធាតុរបស់លោកត្រូវបានយកទៅបញ្ចុះនៅទីក្រុងណានជីង (Nanjing) ប្រទេសចិនបច្ចុប្បន្ន ដែលមានបន្សល់ទុករហូតដល់សព្វថ្ងៃ។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕