(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផល នៃការចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៣។ សន្និសីទនេះធ្វើឡើង ក្រោមមូលបទ «ពង្រឹងភាពជាដៃគូដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ»។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វីឡាយ ឡាក់ខាហ្វុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដោយប្រធានគណៈប្រតិភូ នៃប្រទេសជាសមាជិកអាស៊ាន ប្រទេស-ស្ថាប័នជាដៃគូពិភាក្សា និងអ្នកសង្កេតការណ៍ តំណាងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអាស៊ានប្រចាំប្រទេសឡាវ និងភ្ញៀវកិត្តិយសសរុបប្រមាណ ៣៣៦នាក់។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ នាយឧត្តមសេនីយ៍ វីឡាយ ឡាក់ខាហ្វុង បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំ ចំពោះការប្តេជ្ញាចិត្តរបស់ប្រធាននគរបាលជាតិ នៃបណ្តាប្រទេសជាសមាជិក ក្នុងការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនដែលជាប្រធានបទនៃសន្និសីទអាស៊ានណាប៉ូល និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកទាំងកម្រិតទ្វេភាគី និងពហុភាគី ក្នុងបុព្វហេតុសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន។

បន្ទាប់ពីបញ្ចប់ពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤១ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ក្នុងនាមប្រធានសន្និសីទលើកទី៤០ បានអញ្ជើញដឹកនាំ និងប្រកាសបើកកិច្ចប្រជុំពេញអង្គលើកទី១ នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដោយរបៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺការជូនរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងការប្រកាសតែងតាំងលោកឧត្តមសេនីយ៍ទោ ខាំគីន ភូឡាមុនីវង្ស អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ និងជាប្រធានកងកម្លាំងនគរបាលឡាវ ជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤១។

នៅក្នុងបេសកកម្មដ៏មមាញឹក នៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១នេះ និងក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការ នៅក្នុងតំបន់ និងអន្តរជាតិ នាយឧត្តមសេនីយ៍ស ថេត បានទទួលជួបពិភាក្សាទ្វេភាគីជាមួយប្រធានប្រតិភូនៃប្រទេស-ស្ថាប័នមួយចំនួន ដូចជា ទីភ្នាក់ងារជាតិនគរបាលជប៉ុន, នគរបាលសហព័ន្ធអូស្រ្តាលី កងកម្លាំងនគរបាលឡាវ, ទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មនៃចក្រភពអង់គ្លេស (NCA)។

ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត ប្រធានប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមជាមួយប្រធានគណៈប្រតិភូនគរបាលជាតិ នៃបណ្តាប្រទេសជាសមាជិក និងនាយកប្រតិបត្តិ នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ត្រូវបានរៀបចំឲ្យចូលជួបសម្តែងការគួរសម និងធ្វើសេចក្តីរាយការណ៍ជូន លោក Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជា-ធិបតេយ្យ ប្រជាមានិតឡាវ។

នាយករដ្ឋមន្រ្តីឡាវ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមកងម្លាំងនគរបាលជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន សម្រេចបានស្របតាមខ្លឹមសារដូចមានចែង ក្នុងសេចក្តីថ្លែងការណ៍រួមនៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងបានស្នើសុំឲ្យប្រធាននគរបាលជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហការ និងពង្រឹងភាពជាដៃគូរឲ្យកាន់តែជិតស្និទ្ធស៊ីជម្រៅ និងរឹងមាំ សំដៅបន្តអនុវត្តសម្រេចឲ្យបាននូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលប្រទេសជាសមាជិក ដៃគូពិភាកក្សា និងអ្នកសង្កេតការណ៍ បានប្តេជ្ញាចិត្តនៅក្នុងវេទិកានៃកិច្ចប្រជុំពាក់ព័ន្ធនៃសន្និសីទអាស៊ានណាប៉ូលលើកទី៤១។

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះដដែល នាយឧត្តមសេនីយ៍ ស ថេត ប្រធានប្រតិភូ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យកិច្ចប្រជុំពេញអង្គលើកទី២ ដើម្បីត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ A, B, C ពាក់ព័ន្ធនឹងប្រធានបទ អំពើភេរវកម្ម បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធអាវុធ បទល្មើសសត្វព្រៃ បទល្មើសផ្ទៃសមុទ្រ បទល្មើសបច្ចេកវិទ្យា បទល្មើសពាណិជ្ជកម្ម និងការក្លែងបន្លំប័ណ្ណឥណទាន បទល្មើសឆបោកឆ្លងដែន បទល្មើសក្លែងបន្លំឯកសារធ្វើដំណើរ ការជួយគ្នាទៅវិញទៅមក បញ្ហាឧក្រិដ្ឋជន រួមទាំងប្រធានបទ នៃការកសាងសមត្ថភាពកងកម្លាំងនគរបាលអាស៊ាន រួមមាន៖ ការផ្លាស់ប្តូរមន្រ្តី និងកម្មវិធីបណ្តុះបណ្តាលក្នុងចំណោមនគរបាលជាតិនៃប្រទេសអាស៊ាន ការប្រើប្រាស់ប្រព័ន្ធ e-ADS 2.0 និងវឌ្ឍនភាពនៃក្រុមការងារបណ្តាញកោសល្យវិច័យនគរបាលអាស៊ាន។

បន្ទាប់ពីពិនិត្យលើខ្លឹមសារ នៃរបាយការណ៍តាមប្រធានបទ នៃគណៈកម្មការនីមួយៗរួចមក ប្រធានគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិក បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដាក់បញ្ចូលខ្លឹមសារសំខាន់ៗ ក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារជំនាញបន្តអនុវត្តនៅក្នុងឆ្នាំបន្ទាប់។

ប្រធានគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ជាផ្លូវការ ដើម្បីជាឯកសារបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទឈានទៅសម្រេចបាននូវមូលបទ «ពង្រឹងភាពជាដៃគូដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» និងទស្សនវិស័យរបស់នគរបាលអាស៊ានគឺ «រួមគ្នាធ្វើឲ្យតំបន់អាស៊ានមានសុវត្ថិភាព»។

អនុវត្តតាមកម្មវិធី សន្និសីទអាស៊ានណាប៉ូលលើកទី៤១ បានប្រកាសបិទជាផ្លូវការក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខាំគីង ភុយឡាមុនីវង្ស អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងជាប្រធានកងកម្លាំងនគរបាលឡាវ ដោយក្នុងពិធីនេះ ក៏មានការប្រគល់និមិត្តរូបសន្និសីទអាស៊ានណាប៉ូលជូនទៅប្រធានគណៈប្រតិភូកងកម្លាំងនគរបាលមីយ៉ាន់ម៉ា ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤២ ក្នុងឆ្នាំ២០២៤ផងដែរ។

បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល៤ថ្ងៃ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងនាំមកនូវកិត្តិយស និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ៕