(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣, នៅរសៀលថ្ងៃដដែលពលរដ្ឋរងគ្រោះក្នុងខណ្ឌកំបូល ជាង១០០គ្រួសារ បានទទួលអំណោយរួចរាល់ ហើយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋងាយរងគ្រោះជាង២ពាន់គ្រួសារទៀត នៅខណ្ឌដង្កោ ក៏បន្ដទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជារួចរាល់ផងដែរ ក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា។

ការចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកនៅព្រឹកនេះក៏មានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយសង្គ្រោះទាល់ពេលវេលា និងយ៉ាងឆាប់រហ័ស ដោយមិនទុកឱ្យកូនចៅណាម្នាក់ចោលនោះឡើយ។

ជាក់ស្ដែងដូចក្នុងរដូចវស្សានេះ តែងតែកើតមាននូវទឹកជំនន់ទឹកភ្លៀង ដូចនេះកាកបាទក្រហមកម្ពុជាទាំងស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ដ បានចេញសកម្មភាពជួយសង្គ្រោះ តាមរយៈការផ្ដល់អំណោយសម្រាលការលំបាក ការអប់រំផ្សព្វផ្សាយពីសុខភាព ចៀងវាងគ្រោះថ្នាក់ណាមួយកើតឡើងក្នុងកំឡុងពេលទឹកជំនន់ និងក្រោយទឹកស្រកជាដើម។ លោកស្រី ម៉ែន នារីសោភ័គ បានគូសរម្លឹកថា សព្វមួយដង និងជារៀងរាល់ឆ្នាំក្នុងរដូវវស្សា ឬទឹកជំនន់នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែពាំនាំនូវសារអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពជាចម្បង បន្ទាប់ពីទៅរកទីទួលមានសុវត្ថិភាព ដែលមានជាអាទិ៍៖

* ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពិសេសសម្រាប់ក្មេងតូច ពីការលង់ទឹក ដែលបណ្ដាលឱ្យបាត់បង់ជីវិត

* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរ ឬសម្ភារៈដែលអាចពស់រស់នៅបាន

* ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ខណៈមកទល់នឹងពេលនេះ ករណីពស់ចឹកកន្លងមកនេះ គ្រូពេទ្យបានព្យាបាលជា ចៀសផុតពីគ្រោះថ្នាក់ដល់ជីវិតទាំងអស់។

* អំឡុងទឹកជំនន់ ឬទឹកស្រកទៅវិញ ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ពុល និងជំងឺដទៃផ្សេងទៀត

* ត្រូវបរិភោគទឹកស្អាត ដោយដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរ៉ាមីន។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើមដោយទឹកជំនន់ជនលិចនេះ។

មុននឹងអញ្ជើញផ្ដល់អំណោយជូនប្រជាពលរដ្ឋ លោកស្រី ម៉ែន នារីសោភ័គ ក៏បានក្រើនរម្លឹកបន្ថែមផងដែរ ពីការថែរក្សាសុខភាព ក្នុងរដូវវស្សា ដែលងាយប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ជំងឺភ្នែកក្រហម រួមទាំងជំងឺឆ្លង និងមិនឆ្លងផ្សេងៗទៀត ពិសេសសម្រាប់ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលត្រូវតោងប្រយ័ត្នខ្ពស់។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពបច្ចុប្បន្នភាពនៃរដូវវស្សាឆ្នាំនេះថា ឆ្នាំនេះក៏ដូចឆ្នាំកន្លងទៅ ដោយកត្ដាការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមជាសកល គួបផ្សំនឹងកត្ដាភូមិសាស្ដ្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្ដកំពង់ស្ពឺ មកកាន់ខេត្ដកណ្ដាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្ដងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ នៅតាមបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។

ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះ ហៀរហូរជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងនោះមូលដ្ឋានខណ្ឌកំបូល មានប្រជាពលរដ្ឋរងគ្រោះចំនួន ១៦២គ្រួសារ និងមូលដ្ឋានខណ្ឌដង្កោ មានប្រជាពលរដ្ឋរងគ្រោះចំនួន ២,១០១គ្រួសារ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។

ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាទាំងយប់ទាំងថ្ងៃ ចុះត្រួតពិនិត្យថែទាំខ្នងទំនប់ បញ្ចៀសគ្រោះមហន្តរាយធ្ងន់ធ្ងរ និងផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព និងបានរៀបចំទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសមរម្យ ពោលគឺមកទល់ពេលនេះ គ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង១៤ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬ ប្រកាន់បក្សពួកឡើយ។

ដោយសារស្ថានភាពយ៉ាងដូច្នេះហើយ ទើបនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣,០០០គ្រួសារនៅខណ្ឌចំនួន២ខាងលើនេះ និងក្រុង-ស្រុកចំនួន៧នៃខេត្ដបាត់ដំបង ដែលនឹងចុះទៅដោយផ្ទាល់នៅថ្ងៃស្អែកនេះ។

សម្រាប់ការចុះសំណេះសំណាល និងផ្ដល់អំណោយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើឡើងនៅទីតាំងចំនួន ២ គឺនៅវត្តកំពង់ក្តុល សម្រាប់ប្រជាពលរដ្ឋ ១,៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ, ព្រៃវែង, គងនយ, ទាន, ក្រាំងពង្រ និងសង្កាត់ស្ពានថ្ម និងនៅវត្តព្រែកថ្លឹង សម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស, ជើងឯក, ដង្កោ និងសង្កាត់ព្រៃស។

គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងលោក ឃួង ស្រេង ក៏បាននាំយកទេយ្យទានរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តកំពង់ក្តុល និងវត្តព្រែកថ្លឹង ដោយវត្តនីមួយៗប្រគេនអង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ១កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, ទឹកក្រូច ៤កេស, ទឹកសុទ្ធ ៤កេស និងបច្ច័យមួយចំនួន៕