(ម៉ូស្គូ)៖ គណៈកម្មាធិការ Paralympic រុស្ស៊ី បានកំពុងតែរៀបចំឯកការប្តឹង បកទៅនឹងគណៈកម្មាធិការ ជនពិការពិភព លោក (IPC) ដែលបានដាក់បម្រាមមិនឲ្យ អត្តពលិកជនពិការរបស់ខ្លួន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាជនពិការ ឆ្នាំ២០១៦ នៅប្រេស៊ីល ក្នុងខែកញ្ញាខាងមុខ។
យោងតាមសារព័ត៌មាន AFP បានចេញផ្សាយឲ្យដឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នេះថា រុស្ស៊ី នឹងប្តឹង IPC ចំពោះ ការដាក់បម្រាមព្យួរការប្រកួតរបស់អត្តពលិកជនពិការរុស្ស៊ីទាំងអស់ មិនឲ្យប្រកួតប្រជែង ដណ្តើមមេដាយក្នុង Rio Paralympic 2016 ខែក្រោយនេះ នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលដដែល ដែលនឹងចាប់ផ្តើមការប្រកួត នៅថ្ងៃទី០៧ ដល់ថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះហើយ។
គណៈកម្មាធិការអន្តរជាតិ (IPC) បានសម្រេចដាក់បម្រាមអត្តពលិក ជនពិការរុស្ស៊ីទាំងអស់ មិនឲ្យចូលរួមប្រកួត Rio Paralympic Games 2016 កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ស្របពេលដែលកីឡាអូឡាំពិក រដូវក្តៅ Rio Summer Olympic Games 2016 បានកំពុងតែប្រកួត នៅប្រេស៊ីលដូចគ្នា ហើយក្នុងនោះដែរអត្តពលិករុស្ស៊ីចំនួន ១១៨នាក់ ក៏មិនត្រូវបានអនុញ្ញាតឲ្យ ចូលរួមដែរ ដោយសារតែពួកគេបាន ជាប់ពាក់ព័ន្ធការលួចប្រើសារធាតុហាមឃាត់ នាពេលកន្លងមក។
ការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី ចួលរួមប្រកួត Rio 2016 ចំនួន ២៧១នាក់នោះ រុស្ស៊ី ក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងតារាង ឈ្នះមេដាយច្រើនជាងគេដែរ ក្នុងចំណោមអាមេរិក ឈរនៅលេខ១ អង់គ្លេស លេខ២ និងចិន ឈរនៅ លេខ៣ នោះ៕