(កំពង់ធំ)៖ ឧត្ដមសេនីយ៍ទោ​ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរួមគ្នាថែរក្សាឲ្យនូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបែបនេះ ក្នុងពេលនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលមានជីវភាពខ្វះខាត នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ដែលបានប្រារព្ធនៅទីបញ្ជការផ្នែកសឹករងកំពង់ស្វាយ។

ឧត្តមសេនីយ៍ទោ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

លោកបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់បន្តរួមគ្នាថែរក្សាឲ្យនូវសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកនូវគ្រឿងឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន១២ គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ។

នៅក្នុងឱកាសនោះ បងប្អូនអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់ បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕