(កំពត)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងថ្នាក់ដឹកនាំ មន្រ្តីសាលាស្រុក និងអ្នកពាក់ព័ន្ធ បានរៀបចំពិធីប្រោសព្រំលើករាសីដល់ទូក(ង) ឈ្មោះ «ទឹកឈូសែនជ័យ» ដើម្បីដាក់បញ្ចូលទៅក្នុងទីលានហ្វឹកហាត់ ត្រៀមប្រកួតនាឱកាសអបអរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក្នុងនាមរដ្ឋបាលស្រុកទឹកឈូទាំងមូល ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករប្រណាំងទូក(ង) ដែលកំពុងហ្វឹកហាត់នៅទីតាំងសហគមន៍ត្រពាំងសង្កែ ជារៀងរាល់ថ្ងៃ ដែលត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
ក្នុងឱកាសជួបសំណេះសំណាល និងលើកទឹកចិត្តជាមួយក្រុមកីឡាករខាងលើ លោកអភិបាលស្រុកទឹកឈូ បានឧបត្ថម្ភដូចជា៖ ឯកសណ្ឋានកីឡា ជូនក្រុមកីឡាករចំនួន ២៦អាវ, ថវិកាក្នុងម្នាក់ ៥ម៉ឺនរៀល និងអង្ករ ១០គីឡូ សរុបអស់ថវិកា ១,៣០០,០០០ រៀល(មួយលានសាមសិបម៉ឺនរៀលគត់)។
នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា បើមិនមានការប្រែប្រួលទេនោះ រដ្ឋបាលខេត្តកំពត បានសម្រេចជ្រើសរើសយកថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រារព្ធពិធីប្រណាំងទូក(ង) ខ្នាតប្រពៃណី ដែលធ្វើឡើងនៅតាមបណ្ដោយឆ្នេរព្រែកកំពង់បាយ នៅមុខសាលាខេត្តកំពតចាស់តែម្តង។
លោកអភិបាលខេត្តកំពត ក៏បានលើកឡើងទៀតថា៖ នៅខេត្តកំពត ត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នៃការប្រណាំងទូកឱ្យមានភាពទាក់ទាញ និងធំជាងឆ្នាំមុនៗ ដើម្បីស្រូបទាញយកភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្តលេងក្នុងខេត្ត កាន់តែច្រើនបន្ថែមទៀត ហើយពលរដ្ឋនឹងទទួលបានប្រាក់ចំណូលច្រើន ពីព្រឹត្តិការណ៍នោះផងដែរ ហើយការបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗ និងកម្សាន្តសប្បាយឱ្យបានច្រើន គឺក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងអស់ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងខេត្ត ព្រោះបើកាលណាខេត្តមានភ្ញៀវទេសចរ មកសម្រាកកម្សាន្តច្រើន នោះចំណូលនឹងបានទៅដល់ដៃពលរដ្ឋ។
ចំពោះខេត្តកំពត បានធ្វើការប្រណាំងទូក ចំនួន ២លើក រួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូក(ង) ខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ ហើយសម្រាប់ឆ្នាំនេះ ខេត្តកំពតគឺធ្វើការប្រណាំងទូក(ង) ខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការតាំងពិពរណ៌ «ភូមិមួយ ផលិតផលមួយ» ផងដែរ៕