(កំពង់ធំ)៖ ដើម្បីបង្កបរិយាកាសកម្សាន្ត សប្បាយដល់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានភាពសប្បាយរីករាយ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូក ង នៅខេត្តកំពង់ធំ នារដូវកាលចេញព្រះវស្សា ដែលចាប់ពីថ្ងៃទី២៨ -២៩ ខែ តុលា ខាងមុខនេះ និងដើម្បីត្រៀមលក្ខណៈសម្រាប់ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ដើម្បីឱ្យពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធឹកអធមរីករាយនិងជោគជ័យរដ្ឋបាលខេត្តអំពាវនាវដល់សាធារណជនមេត្តាជួយឧបត្ថម្ភគាំទ្រទាំង សម្ភារៈ និង ថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយផ្សេងៗក្នុងពិធីនេះ។

បើយើងរំលឹកមើលទៅទិដ្ឋភាពនៃការប្រណាំងទូកនៅលើផ្ទៃទឹកស្ទឹងសែននាវេទិកាមុខសាលាខេត្តវិញ គឺរដ្ឋបាលខេត្តកំពង់ធំ តែងបង្កលក្ខណៈរីករាយជូនដល់ពលរដ្ឋក្នុងខេត្តបានសប្បាយរីករាយ និងតែងតែរៀបចំកម្មវិធីប្រណាំងទូកស្ទើរៀងរាល់ឆ្នាំដែលក្នុងនោះគឺមានទូក ង ទូកចែវ អញ្ជើញមកពីវត្ត ស្រុក ក្រុង និងមានក្រុមកីឡាករចំណុះទូកជាច្រើនចូលរួមកុះករ ក្រៅពីនោះរដ្ឋខេត្តក៍ចាត់តាំងឲ្យមានការបាញ់កាំជ្រួច ការប្រគំតន្រ្តី បណ្តែតប្រទីប ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទផងដែរ៕