(ភ្នំពេញ)៖ បើទោះបីមានដីកាសម្រេចរក្សាការពារ ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រគល់សិទ្ធិនៃការគ្រប់គ្រង ផ្សារទំនប់ ហៅផ្សារ ងិនអាន ក៏ដោយនោះ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុន New Rich ដែលជាម្ចាស់ទីតាំងពិតប្រាកដ មិនបានចូលទៅកាន់ កាប់ផ្សារនេះនៅឡើយទេ ដោយសារតែលោក អ៊ូ សេដ្ឋានូ និងកូនចៅរបស់ខ្លួនមិនព្រមចាកចេញ និងប្រគល់ឲ្យនោះឡើយ។
តំណាងក្រុមហ៊ុន បានលើកឡើងថា ប្រទេសមានច្បាប់ត្រឹមត្រូវ ប៉ុន្តែសម្រាប់ករណីនេះបែរជាលោក អ៊ូ សេដ្ឋានូ ដែលអាងខ្លួនជា មន្រ្តីយោធានោះ បានប្រព្រឹត្តខុសច្បាប់ទៅវិញ ពោលបើទោះបីអស់សិទ្ធិគ្រប់គ្រងផ្សារទំនប់តទៅទៀត តែលោកនៅតែមិនព្រម ចាកចេញ និងបានប្រើកូនចៅដើរទារលុយថ្លៃឈ្នួលតូប ពីបងប្អូនអាជីវករ រហូតបង្កជាអំពើហិង្សា និងកាត់ផ្តាច់ភ្លើងទៀតផងបើសិន បងប្អូនអាជីវករទាំងនោះមិនព្រមលបង់ថ្លៃតូបជូន។
សម្រាប់សាលារាជធានីភ្នំពេញវិញរហូតមកដល់ពេលនេះ បានអូសបន្លាយពេលជាង៥ខែមកហើយ លើការចុះអនុវត្តដីការក្សា ការពាររបស់តុលាការ ក្នុងការដកហូតទីតាំងផ្សារទំនប់ពីឈ្មោះ អ៊ូ សេដ្ឋានូ មកឲ្យក្រុមហ៊ុន New Richវិញ។ តំណាងក្រុមហ៊ុន New Rich បាននិយាយថា «បុគ្គល អ៊ូ សេដ្ឋានូ នេះ បានទាញយកផលប្រយោជន៍ តាមរយះការប្រើមនុស្ស កម្លាំងមហាជនជាពិសេស បងប្អូនអាជីវករមកពាំងមុខ ដូច្នេះបើជននេះបានប្រព្រឹត្តខុសច្បាប់ទៅហើយ តែមិនអាចធ្វើអ្វីជននេះបាននោះ តើប្រទេសជាតិត្រូវមាន ច្បាប់តទៅដែរឬទេ»។ ជាមួយគ្នានេះ ក្រុមហ៊ុន New Rich បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់កុំជឿការ ញុះញង់ចាញ់បោកជនខិលខូច និងយល់ព្រមអនុវត្តការសម្រេចរបស់តុលាការ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមអាជីវករជាច្រើននាក់ ដែលរកស៊ីលក់ដូរ នៅផ្សារទំនប់ ហៅផ្សារ «ងិន អាន» កាលពីពេល ថ្មីៗនេះបាននាំគ្នារត់ទៅប្តឹង អាជ្ញាធរសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគេផង ត្បិតអីលោក អ៊ូ សេដ្ឋានូ អតីតប្រធានផ្សារ និងកូនចៅបានកាត់ផ្តាច់ភ្លើងរបស់ពួកគេ ដើរទារថ្លៃឈ្នួលតូប និងប្រើអំពើហិង្សាទៀតផង។
សូមបញ្ជាក់ថា តាមពិតទៅលោក អ៊ូ សេដ្ឋានូ បានផុតកំណត់កិច្ចសន្យាជួលដីផ្សារមួយនេះ ជាមួយក្រុមហ៊ុន New Rich កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ក្រោយពេលដែលលោក អ៊ូ សេដ្ឋានូ ខកខានការបង់ថ្លៃជួលរហូតដល់៦៤០០០ដុល្លារ (មួយខែ៨០០០ដុល្លារ) ប៉ុន្តែបើទោះបីផុតកិច្ចសន្យាក៏ដោយ ក៏លោក អ៊ូ សេដ្ឋានូ នៅតែប្រើកូនចៅដើរទារថ្លៃឈ្នួលតូបហើយបើនរណា មិនបង់ជូននោះត្រូវកាត់ ភ្លើងមួយរំពេច និងពេលខ្លះទៀតបានទាត់ឥវ៉ាន់ របស់បងប្អូនអាជីវកររហូតប្រើអំពើហិង្សាទៀតផង។
តំណាងក្រុមហ៊ុន New Rich បានលើកឡើងថា «ឈ្មោះ អ៊ូ សេដ្ឋានូ បានផុតកិច្ចសន្យាជួល តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែមិន បានប្រគល់ទីតាំងដី ទីតាំងផ្សារនេះ ទៅឲ្យម្ចាស់ដើមដែលជាម្ចាស់កម្មសិទ្ធិ លើទីតាំងហ្នឹងទេ។ ទីតាំងផ្សារនេះគឺជាដីឯកជនកម្មសិទ្ធិ របស់ក្រុមហ៊ុន New Rich មិនមែនជាផ្សារវិនិយោគរវាងរដ្ឋទេ ចឹងនេះគឺជាសិទ្ធិរបស់ម្ចាស់ផ្សារ ប៉ុន្តែម្ចាស់ផ្សារមិនបានប្រើសិទ្ធិលើការ កែប្រែផ្សារឲ្យទៅធ្វើជាផ្ទះល្បែង ធ្វើជារោងចក្រអីទេ គឺនៅផ្សារដដែល ក៏ប៉ុន្តែឈប់ជួលឲ្យបុគ្គល អ៊ូ សេដ្ឋានូ ដែលជាអ្នកជួល កណ្តាល ហើយជួលទៅអាជីវករដោយផ្ទាល់ ហើយតម្លៃឈ្នួលដែលក្រុមអាជីវករទទួល គឺល្អមិនថ្លៃដូចការឆ្លងកាត់អ្នកកណ្តាលទេហើយបើ ទោះបីមានដីការក្សាការពារពីតុលាការក៏ដោយ ក៏បុគ្គលនេះនៅតែទៅទារលុយ ពីអាជីវករទាំងខុសច្បាប់»។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន New Rich ដែលជាម្ចាស់ទីតាំងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតនៅស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានចេញមកច្រានចោល ការចោទប្រកាន់របស់លោក អ៊ូ សេដ្ឋានូ ដែលជាអ្នក វិនិយោគផ្សារបច្ចុប្បន្ន ហើយសន្យាថា ក្រោយក្រុមហ៊ុនរបស់ខ្លួនទទួលបាន ទីតាំងផ្សារមកវិញ នឹងបន្តអភិវឌ្ឍន៍ ហើយយកតម្លៃ តូបលក់ដូរឲ្យបានសមរម្យជាទីបំផុត ស្របតាមកម្រិតជីវភាពរស់នៅរបស់បងប្អូន។
តំណាងក្រុមហ៊ុន បានលើកហេតុផលថា លោក អ៊ូ សេដ្ឋានូ ដែលបានជួលទីតាំងផ្សារទំនប់មករកស៉ីនោះ គឺបានជំពាក់ប្រាក់ជួល ជាង៦ម៉ឺនដុល្លារ ហើយមិនព្រមសងទើប ខាងក្រុមហ៊ុនទាមទារយកដីផ្សារនេះវិញតែម្តង។ តំណាងក្រុមហ៊ុនដែលមានថៅកែ ជាជនជាតិកូរ៉េ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះថា យោងតាមកិច្ចសន្យារវាងភាគីទាំង២ កាលអំឡុងខែតុលា ឆ្នាំ២០១១ ដែលបានព្រមព្រៀងគ្នានោះ គឺតម្រូវឲ្យលោក អ៊ូ សេដ្ឋានូ បង់ថ្លៃជួលដី ចំនួន៨ពាន់ដុល្លារ ទៅឲ្យភាគី ក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ មិនបានបង់ថ្លៃជួលដីឡើយ រហូតជំពាក់ចំនួន៦៤០០០ដុល្លារទៀតផង។
តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ បានធ្វើលិខិតសំណូមពរទៅកាន់ ក្រុមហ៊ុនសុំបន្តជួលដី រយះពេលមួយឆ្នាំទៀត ពោលឲ្យបានដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ព្រមទាំងសន្យាបង់ថ្លៃការជំពាក់ទាំង ៦៤០០០ដុល្លារនេះ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អ៊ូ សេដ្ឋានូ មិនបានបង់ជូននោះឡើយ។បើតាមតំណាងក្រុមហ៊ុនខាងបានលើក ឡើងថា សម្រាប់ញត្តិដែលបង្ហាញពីឈ្មោះ និងស្នាមដៃអាជីវករនោះ បង្ហាញថា មិនមែនក្រុម អាជីវករទាំងអស់នោះឡើយហើយក៏ជា ញត្តិចាស់ផងដែរ ខណៈក្រុមអាជីវករជាច្រើននាក់ សុំធ្វើការជាមួយក្រុមហ៊ុនផ្ទាល់គឺមាន ភាពងាយស្រួលជាង អ្នកជួលបន្ត។ ក្រុមហ៊ុន បានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តអភិវឌ្ឍន៍ផ្សារមួយនេះ កាន់តែរីកចំរើនខ្លាំងឡើង ហើយយកតម្លៃតូបរបស់អាជីវករសមរម្យដើម្បី ចូលរួមលើកតម្កើបកម្រិត ជីវភាពរបស់ពួកគេ៕