(បន្ទាយមានជ័យ)៖ ព្រះវិជ័យមុនី ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ តំណាងឲ្យវត្តអត្តខាត់ទាំង៩វត្ត ក្នុងខេត្ត ព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្ដ ព្រះសង្ឃគ្រប់អង្គទូទាំងខេត្ត បានផ្ញើលិខិតថ្លែងអំណរគុណយា៉ងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឧបត្ថម្ភនូវ អង្ករ ចំនួន១៤០បេ (៣,៥០០គីឡូក្រាម) និងមី ចំនួន១៧៥កេស តាមរយៈលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីប្រគេនវត្តអត្តខាត់ ទាំង៩វត្ត ក្នុងខេត្តបន្ទាយមានជ័យ។

ការប្រគេនទេយ្យទាន របស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត គឺជាការយកចិត្ត ទុកដាក់យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះពុទ្ធសាសនា ជាពិសេសជីវភាព នៃការរស់នៅ សុខទុក្ខ របស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អំឡុងពេលនៃវស្សានរដូវ ដោយវត្តខ្លះទឹកលិច វត្តខ្លះ លិចផ្លូវ លំបាកពុទ្ធបរិស័ទធ្វើដំណើរយកទេយ្យទានទៅប្រគេន។

ក្នុងនាមព្រះមេគណខេត្ត តំណាងឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងខេត្តបន្ទាយមានជ័យ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្កិសិទ្ធក្នុងលោក ប្រោះព្រំ សព្វសាធុការ ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕