(ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីបញ្ចប់​បេសកកម្ម​អមដំណើរ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់​និង​ផ្លូវ» ហើយ​នោះ មិនទាន់បានត្រឡប់មកកម្ពុជាវិញនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្តដំណើរចុះតាម​បណ្តាក្រុម​ហ៊ុនធំៗរបស់ចិន ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកពួកគេមកវិនិយោគនៅកម្ពុជា។

នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរ ចុះ​ទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៅទីក្រុងហ្គងចូវ (Guangzhou International Corporate Incubator [GICI]) របស់ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group។

មជ្ឍមណ្ឌល GICI ជាមជ្ឈមណ្ឌលផ្តល់កិច្ចគាំពារផ្នែកធ្វើធុរកិច្ច ជាពិសេសការធ្វើធុរកិច្ចថ្មីៗ។ តាមរយៈ​ការ​គាំទ្រ និងកិច្ចគាំពាររបស់មជ្ឍមណ្ឌលនេះ បាន​ជួយឱ្យធុរកិច្ចថ្មីចំនួន១២ ទទួល​ជោគជ័យ រហូតដល់​មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនថែមទៀតផង។

ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការងារមួយចំនួន​ជូនគណៈ​ប្រតិ​ភូកម្ពុជាដើម្បីបានជ្រាប។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមហ៊ុន​អំពី​ការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឱ្យ​មាន​កិច្ចសហប្រតិបត្តិការវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុនវិនិយោគនៅ​កម្ពុជា ព្រម​ទាំងអញ្ជើញក្រុមហ៊ុនចុះមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់រាល់​សក្ដា​នុពល​របស់កម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញឆន្ទៈចុះទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុន​វិនិយោគ​ដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមក​ជាមួយ​បណ្ដា​ប្រទេសជាសមាជិករបស់កម្មវិធី «ខ្សែក្រវាត់និងផ្លូវ»។ ក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះ​ផង​ដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគ​ជាមួយ​គ្នា៕