(ចិន)៖ ក្រុមហ៊ុនធំមួយរបស់ចិន បានបង្ហាញបំណងមកវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។ បំណងនេះបានកើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុន បានស្តាប់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីសក្តានុពលសម្រាប់ការវិនិយោគ និងកត្តាអនុគ្រោះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់ជាប្រយោជន៍ដល់អ្នកវិនិយោគ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» ហើយនោះ មិនទាន់បានត្រឡប់មកកម្ពុជាវិញនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្តដំណើរចុះតាមបណ្តាក្រុមហ៊ុនធំៗរបស់ចិន ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកពួកគេមកវិនិយោគនៅកម្ពុជា។
នារសៀលសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group។ ក្រុមហ៊ុន Yuexiu Group ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលវិនិយោគលើវិស័យជាច្រើនរួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើបជាដើម។
ក្នុងជំនួបជាមួយក្រុមហ៊ុន Yuexiu Group លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនព័ត៌មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយកើតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
បន្ថែមពីលើនោះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បន្ទាប់បានស្តាប់ការពន្យល់ និងបង្ហាញដោយលោកឧបនាយករដ្ឋមន្ត្រី អំពីសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាហើយនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅប្រទេសកម្ពុជារួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញអំពីវិស័យដែលខ្លួនធ្លាប់បានវិនិយោគកន្លងមករួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។
បន្ទាប់ពីជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយនោះ ក្រុមហ៊ុនបានសម្រេចរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយ ដើម្បីជជែក និងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។
បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា៕