(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ២៥០គ្រួសារ នៅស្នងការដ្ឋាននគរបាលខេត្ត។ ពិធីនេះក៏មានការចូលរួម ពីលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជន អភិបាលក្រុង ស្រុក ប្រធានមន្ទីរ ព្រមទាំងមន្ដ្រីរាជការជាច្រើនរូបទៀត។
ជាការគត់សម្គាល់ ដើម្បីដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជន សមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ តែងបានចុះទៅគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជាមួយអតីតយុទ្ធជនស្វែងយល់ពីតម្រូវការ និងទុក្ខលំបាករបស់ពួកគេ ហើយក៏ដោះស្រាយជូនភ្លាមៗផងដែរ ដូចជាការផ្តល់លំនៅឋានជាដើម។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយទៅផ្តល់ជូនគ្រួសារទាំង២៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូកា្រម និងថវិកា៥ម៉ឺនរៀល ផងដែរ៕