(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) និងនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តបលើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ កត្តាទាំងនេះធ្វើឱ្យមានប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ នឹងគ្របដណ្តប់ពីលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។

នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕