(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (NCX HONDA) បានរៀបចំដំណើរកម្សាន្តរួមគ្នា ដ៏អស្ចារ្យមួយដែលមានឈ្មោះ «HONDA SAFETY CARAVAN 2016» ក្រោមប្រធានបទ «សុវត្ថិភាពក្នុងការបើកបរដោយពាក់មួកសុវត្ថិភាព» គឺជាកម្មវិធីក្បួនដង្ហែម៉ូតូហុងដា ដ៏ធំប្រចាំឆ្នាំ២០១៦ ដែលចេញដំណើរពីឆ្នេរអូរឈើទាល ឆ្ពោះទៅកាន់ឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ។
ក្បូនដង្ហែនេះរៀបចំឡើងនៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បើតាមតំណាងក្រុមហ៊ុនហុងដា បានលើកឡើងថា នេះគឺជាកម្មវិធី ដង្ហែក្បួនដ៏ធំ និងអស្ចារ្យលើកទី៣ បន្ទាប់ពីដំណើរកម្សាន្តទៅកាន់គិរីរម្យ និងខេត្តសៀមរាប ហើយលើកនេះមានម៉ូតូចំនួនជិត៦០០ម៉ូតូ នៃគ្រប់ម៉ូដែលរបស់ក្រុមហ៊ុនហុងដា បានចូលរួមដូចគ្នា ដែលក្នុងនោះមាន Honda Dream, Honda Scoopy, Honda Wave, Honda Click, Honda Moove, Honda MSX ដែលអ្នកចូលរួមមានជាង៧០០នាក់ មកពីបណ្ដាខេត្តជុំវិញខេត្តព្រះសីហនុ មានខេត្តកំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង កំពត តាកែវ និងកោះកុង។
កម្មវិធីនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ យ៉ាងក្រៃលែងក្នុងរយៈពេលមួយថ្ងៃពេញ ដោយមានរៀបចំនូវការលេងល្បែង កម្សាន្តផ្សេងៗ ជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើន ការផ្ដិតយករូបភាពរួមជាមួយក្រុមគ្រួសារ HONDA និងបានចូលរួមរើសសម្រាម នៅបរិវេណឆ្នេរសមុទ្រ ដើម្បីចូលរួមចំណែកថែរក្សា និងសម្អាតបរិស្ថានទាំងអស់គ្នាក្រោមស្មារតី! «បរិស្ថានស្អាត គឺឆ្លុះបញ្ចាំងពីវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង! បរិស្ថានស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា»។
លើសពីនេះក៏មានការប្រគុំតន្ត្រីនាពេលរាត្រី ដែលចូលរួមដោយតារាល្បីៗជាច្រើនរូប ការរាំលេងកម្សាន្តរួមគ្នាយ៉ាងសប្បាយរីករាយ។
តំណាងដដែលរូបនោះ បានបញ្ចេញនូវមតិក៏ដូចជាអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណដល់អតិថិជនគ្រប់គ្នា ក៏ដូចជាតំណាង ចែកចាយគ្រប់សាខា របស់ក្រុមហ៊ុនហុងដា ដែលបានចូលរួម និងធ្វើដំណើរកម្សាន្តរួមគ្នាជាមហាគ្រួសារ HONDA បញ្ចប់ទៅក្រោម បរិយាកាសស្រស់ស្រាយ ប្រកបដោយស្នាមញញឹមគ្រប់ៗគ្នា និងដោយភាពជោគជ័យបំផុត។ ទាំងអស់នេះអាចហៅបានថា គឺជាអនុស្សាវរីយ៍មួយដ៏កម្រ របស់សមាជិកគ្រួសារហុងដា ដែលក្រុមហ៊ុនបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តអតិថិជនផ្ទាល់ និងដើម្បីបង្កភាពជិតស្និតរវាងសាខាលក់ម៉ូតូហុងដា និងអតិថិជនខ្លួន៕