(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដោយនិយាយថាការវាយប្រហារណាមួយលើរុស្ស៉ីដោយប្រើអាវុធប្រភេទនេះនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

លោក ស៉ីន ហុងឆុល (Sin Hong-Chol) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅរុស្ស៉ី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា «ទីបំផុតសហរដ្ឋអាមេរិកបានប្រគល់មីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅដល់អ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ»។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា «រាល់ការវាយប្រហារណាមួយចូលទៅក្នុងប្រទេសរុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរ នឹងមិនជួយបញ្ចប់សង្រ្គាម ឬរកដំណោះស្រាយសន្តិភាពនោះទេ ប៉ុន្តែវានឹងក្លាយជាកត្តាជំរុញឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់គ្មានទីបញ្ចប់ និងការអូសបន្លាយសង្គ្រាម»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៉ីល ATACMS របស់សហរដ្ឋអាមេរិកជាលើកដំបូង ដោយបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួន ២នៅក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង រដ្ឋាភិបាលទីក្រុងកៀវ បានស្នើសុំមីស៉ីលម្តងហើយម្តងទៀតពីទីក្រុងវ៉ាស៊ីនតោន ព្រមជាមួយការសន្យាថានឹងមិនប្រើប្រាស់ចូលក្នុងប្រទេសរុស្ស៉ីឡើយ៕

រូបភាពពី AFP