(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពប្រឡាយ៩៤ និង៩៦ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល។

ក្នុងឱកាសនោះមានការចូលរួមនិងសហការពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះពិនិត្យផ្ទាល់ប្រឡាយ៩៤និង៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងបានពិនិត្យការកាយបើកមុខទឹកតំបន់ព្រែកខ្សេវ និងព្រែកឡុង ខេត្តកណ្តាល ដើម្បីសម្រួលចរន្តទឹកឳ្យហូរលឿនចូលទៅទន្លេបាសាក់។

សូមជម្រាបថា ប្រឡាយ៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងប្រឡាយ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព្រែកសំខាន់ៗចំនួន៤ទៀតស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមមាន៖ ព្រែកថ្មី (ស្ពានលេខ៤) ព្រែកសំរោង (ស្ពានលេខ៥) ព្រែកឡុង (ស្ពានលេខ៦) និងព្រែកខ្សេវ (ស្ពានលេខ៧)។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ដោយការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដានដោយយកចិត្តទុកដាក់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕