(ភ្នំពេញ)៖ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៨ នៅសណ្ឋាគារភ្នំពេញ។

ពិធីនេះមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ភ្ញៀវជាតិ-អន្តរជាតិ តំណាងក្រុមហ៊ុនឱសថ បរិក្ខាពេទ្យ និងនិស្សិតពេទ្យដែលជាសមាជិកសមាជិការបស់សមាគមជាច្រើនផងដែរ។

លោកសាស្ត្រចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ បានថ្លែងថា សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារត្រូវបានផ្ដួចផ្ដើមគំនិតបង្កើតឡើងដោយក្រុមគ្រូពេទ្យប្រដាប់រំលាយអាហារ (ថ្លើម ក្រពះ ពោះវៀន) នៃប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៨មក និងបានសម្រេចបង្កើតឡើងជាផ្លូវការ ស្របច្បាប់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៦ ព្រមទាំងបានចុះបញ្ជី និងតម្កល់សំណុំលិខិត នៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ១៣៥៨ សជណ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៦។

ប្រធានសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ គោលបំណងនៃការបង្កើតសមាគមនេះគឺដើម្បីជួយអភិវឌ្ឍន៍ផ្នែកឯកទេសប្រដាប់រំលាយអាហារតាមរយៈការផ្សារភ្ជាប់ការអនុវត្តន៍របស់គ្រូពេទ្យកម្ពុជាទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ, បង្កើតការទំនាក់ទំនងផ្នែកវិទ្យាសាស្ត្ររវាងគ្រូពេទ្យក្នុងប្រទេសទាំងអស់ ដែលបម្រើការនៅក្នុងផ្នែកនេះ, រួមសហការជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សមាគម និងការពារផលប្រយោជន៍សាធារណៈ។

លោកសាស្ត្រចារ្យ ឱម សិរីវិជិត បានឱ្យដឹងថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ សមាគមគ្រូពេទ្យផ្នែកប្រដាប់រំលាយអាហារ បានដាក់ចេញនូវគោលដៅដូចខាងក្រោម៖

ទី១៖ បង្កើតទំនាក់ទំនងល្អជាមួយសហភាតរៈទាំងអស់ នៅក្នុងប្រទេសក៏ដូចជាបណ្តាប្រទេសជាដៃគូនានា
ទី២៖ ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តពាក់ព័ន្ធនឹងផ្នែកប្រដាប់រំលាយអាហារ
ទី៣៖ ចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើវិស័យសុខាភិបាលប្រកបដោយនិរន្តរភាព ថ្ងៃនេះជាខួបលើកទី១៨ នៃសន្និបាតប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានលើកយកប្រធានបទចំនួន១០ មកចែករំលែកជាចំណេះដឹងជូនដល់អង្គមហា សន្និបាតទាំងមូលតាមរយៈវិគ្មិនក្នុងប្រទេស និងក្រៅប្រទេសដែលបានភ្ជាប់ក្នុងតារាងកម្មវិធី។

ជាមួយគ្នានេះដែរ លោកសាស្ត្រចារ្យ ឱម សិរីវិជិត ជឿជាក់ថាសន្និបាតលើកទី១៨នេះ នឹងផ្តល់ជាប្រយោជន៍ក្នុងការអនុវត្តន៍កិច្ចការងារវិជ្ជាជីវៈពេទ្យប្រចាំថ្ងៃគ្រប់គ្នា។

លោកសាស្ត្រចារ្យ ឱម សិរីវិជិត តំណាងឱ្យស្ថាបនិកនៃសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារមានមោទនភាពក្នុងកិច្ចការងារសប្បុរសនេះ ដែលអស់រយៈពេលជិត២០ឆ្នាំកន្លងមកហើយ សមាគមបានបណ្តុះបណ្តាលគ្រូពេទ្យ ឯកទេសចំនួន ៦០រូប និងបានចូលរួមចែករំលែកចំណេះដឹងតាមរយៈសិក្ខាសាលាតាមបណ្តាខេត្តនានា ជាមួយនឹងគណៈគ្រូពេទ្យថ្នាក់ជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារបានបញ្ជាក់ថា សមាគមមានគោលដៅ៣ ក្នុងការចូលរួមកសាងវិស័យសុខាភិបាលឱ្យបានរឹងមាំរួមមានទី១៖ ផ្ដល់រោគវិនិច្ឆ័យ និងការព្យាបាលឱ្យមានគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព តាមការវិវត្តន៍វិទ្យាសាស្ត្រ, ទី២៖ បម្រើសេវាកម្មល្អ និងគោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យ, ទី៣៖ ព្យាយាមជានិច្ចក្នុងការកសាងទំនុកចិត្ត និងផ្តល់សេវាសុខភាពជូនប្រជាជនកម្ពុជា ដើម្បីឱ្យស្របតាមកម្មវិធីនយោបាយជាអាទិភាពទាំង៦ សម្រាប់ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕