(មណ្ឌលគិរី)៖ ស្ដ្រីជនជាតិព្នង ពិការជើងម្ខាងម្នាក់តូចចិត្ត និងឪពុកបង្កើតចាប់រំលោភ បានសម្រេចរត់ចូលព្រៃទាំងយប់ ហើយបាន ត្រឡប់មកដាក់ ពាក្យប្តឹងកន្លែងសមត្ថកិច្ច ឲ្យចាប់ឪពុកតុណ្ហាក្រាស់ និងផ្តន្ទាទោសតាមផ្លូវច្បាប់។
ស្ដ្រីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដោយនៅក្នុងភូមិមានកម្មវិធីផឹកស៊ី ខណៈក្បាលព្រលប់ម្តាយរបស់នាង ផឹកស្រាស្រវឹងជោគជាំ រួចក៏ចូលដេកជាមួយកូនពៅ របស់ខ្លួនលង់លក់នោះ រូបនាងបានចូលទៅសម្រាកក្នុងបន្ទប់ដូចធម្មតាលុះនៅ ម៉ោងប្រមាណ១២អាធ្រាត្រ ស្រាប់តែឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ប្រើកំលាំងស្រាតខោអាវនាង រួចចាប់ផ្តើមរំលោភ រហូតបានសម្រេច។ ពេលនោះបើទោះបី នាងខំស្រែក ខំរើបំរាស់យ៉ាងណាក៏ដោយ ក៏ឪពុកនោះមិនបញ្ឈប់សកម្មភាពរបស់ខ្លូនឡើយ។
នារីរងគ្រោះបន្ដទៀតថា ប្រហែលកន្លះម៉ោងក្រោយមក រូបនាងបានសម្រេចចិត្ត រត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យគេគ្រប់គ្នាដឹង រឿងរ៉ាវដ៏អាក្រក់របស់នាងឡើយ។
លោក ខ្លូត សុឃា អធិការស្រុកកោះញែក បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានទទួលពាក្យប្តឹង ភ្លាមៗ កម្លាំងនគរបាលស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាឪពុកបង្កើតយកមកសួរនាំ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនោះទេ។ ក្រោយមកលោកអធិការ បានសម្រេចបញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្តតាមនិតិវិធី។
លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះមុខសមត្ថកិច្ចជនសង្ស័យ នៅតែមិនបានសារភាពនៅឡើយទេ។
លោកស្នងការរងបន្តថា ទោះបីជាជនសង្ស័យរូបនេះ ពុំទាន់សារភាពក៏ដោយ ប៉ុន្តែកូនស្រីរងគ្រោះនៅតែស្នើ ឲ្យសមត្ថកិច្ចមេត្តាជួយ ចាត់ការករណីនេះឲ្យបានធ្ងន់ធ្ងរផង៕