(ភ្នំពេញ)៖ ទីបំផុត ! វគ្គសិក្សាថ្មីលើ «ជំនាញថតរូប» ជំនាន់ទី៣ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានចាប់ផ្តើមចូលរៀន ហើយ នៅរសៀល ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានសិក្ខាកាមចូលរួមប្រមាណ៥០នាក់។

ការសិក្សាលើជំនាញថតរូបនេះមានរយៈពេល៣ខែ ដែលបណ្តុះបណ្តាលផ្ទាល់ដោយ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។ ការសិក្សានឹងធ្វើឡើងរៀងរាល់រសៀល ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង៤។ វគ្គសិក្សាជំនាញថតរូប នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smartphone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផ្សេងៗផងដែរ។

លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា ការថតរូបបានក្លាយទៅជារឿងចាំបាច់មួយនាសម័យទំនើបនេះ ជាពិសេសគ្រប់ស្ថាប័នរដ្ឋ និងឯកជន ត្រូវមានអ្នកជំនាញថតរូប សម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ រូបដែលត្រឹមត្រូវ ប្រកបដោយគុណភាព នឹងបង្កើនតម្លៃបន្ថែម មានអត្ថន័យ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC កំពុងដំណើរការវគ្គសិក្សាជាច្រើន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានជំនាញសរសេរដំណឹងក្តៅ បទយកការណ៍ ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនាញថតរូបជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕