(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលានេះ មានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

ការលើកឡើង និងអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ខណៈដែលលោកដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែង នៅតាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រែកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅត្រឹង។ ប៉ុន្តែទោះបីជាយ៉ាងក្តី លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «បើគិតមកដល់ពេលនេះ សង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋ២០៧៥គ្រួសារ ទទួលរងគ្រោះ ដោយការលិចលង់នេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មកចែកជូនបងប្អូននៅពេលខាងមុខនេះ»

លោកបានបញ្ជាក់ថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តា យោគយល់និងអធ្យាស្រ័យ។

គួរបញ្ជាក់ថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់នេះ រួមមាន៖ សង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្ម និងសង្កាត់រលួស។ ប៉ុន្តែទោះបីជាយ៉ាងក្តីលោក ឃួង ស្រេង បញ្ជាក់ថា សង្កាត់ដែលទទួលរងការលិចលង់ទាំង១០នេះ មិនមានន័យថាបលិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកខ្លះ នៃសង្កាត់ប៉ុណ្ណោះ៕