(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោកស្រី សូ ភីណាក់ ស្ថាបនិក និងនាយិកាគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ បានស្នើឱ្យតំណាងមន្ទីរ អង្គភាព អង្គការ សមាគម លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ចូលរួមជាមួយមហោស្រពអក្សរសិល្ប៍ខ្មែរ ដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។

លោកស្រី មិថុនា ភូថង បានស្វាគមន៍ចំពោះមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រធានបទ «សំឡេងចម្រុះពណ៌ ឬ Invisible Voice»

លោកស្រីបានស្នើឱ្យតំណាងមន្ទីរ អង្គភាព អង្គការ សមាគម និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់សូមជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយនូវសារៈសំខាន់អក្សរសិល្ប៍ខ្មែរ ជាពិសេសសូមចូលរួមគ្រប់កម្មវិធីនៃមហោស្រពអក្សរសិល្ប៍ខ្មែរ ដែលកំពុងរៀបចំនៅក្នុងបរិវេណសាលមហោស្រពខេត្តកោះកុងនាពេលនេះ និងសូមចូលរួមក្នុងសកម្មភាពអភិវឌ្ឍ និងលើកស្ទួយអក្សរសិល្ប៍ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។

លោកស្រី សូ ភីណា បានឱ្យដឹងថា មហោស្រពអក្សរសិល្ប៍ខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដែលមានគោលបំណងធំៗចំនួនបី គឺ៖ ១-បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២-លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង៣-បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍៕