(មណ្ឌលគិរី)៖​ សាលារៀនថ្មី១ខ្នង មាន៤បន្ទប់ បានសាងសង់រួចរាល់ និងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ, អភិបាលរងខេត្តមណ្ឌលគិរី និងលោកស្រី ទាវ ប៊ុនចិន្តា អនុប្រធានមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន និងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅភូមិចុងថាងជេអេ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។

លោកស្រី ទាវ ប៊ុនចិន្តា បានថ្លែងថា ដោយមើលឃើញពីកង្វះខាតរបស់លោកគ្រូអ្នកគ្រូ និងសំភារៈសិក្សាក្មេងៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាល សមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន បានសម្រេចផ្តល់ជំនួយការសាងសង់ សាលារៀនថ្មី ដែលជំនួសឲ្យសាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀន ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រឲ្យទទួលបានការសិក្សាអប់រំ និងរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ អភិវឌ្ឍធនធានមនុស្ស ជំរញការអប់រំនៅតាមជនបទ។ សាលារៀនថ្មីដែលសាងសង់នេះ បានចំណាយថវិការសាងសង់អស់ប្រមាណ ៦ម៉ឺនដុល្លារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ាត់ ម៉ារ៉ាកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការសម្រួលដល់ការសាងសង់សាលារៀនថ្មី១នេះបានលេចរូបរាងឡើងទាន់ពេលសិក្សា និងបង្ហាញក្តីសប្បាយរីករាយដល់ ក្មេងៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាតឲ្យមានបន្ទប់សិក្សាថ្មី។

លោកស្រីបានចាត់ទុកសកម្មភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ និងលើកទឹកចិត្តអោយសមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន ឲ្យបន្តក្នុងការផ្តល់ជំនួយការសាងសង់សាលារៀបន្តទៀត នៅតាមទីជនបទដាច់ ស្រយាលដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំក្នុងគោលដៅ ដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់កម្ពុជា៕