Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារបន្ថែម ពន្លឿនការវាស់វែង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ជ្រោយចង្វារ

15-08-2016 14:58

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន OCIC ស្ដីពីការដោះស្រាយដី តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។

យោងតាម Facebook ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ភាគីអាជ្ញាធរ និងក្រុមហ៊ុនបានឯកភាពគ្នា ក្នុងការបង្កើត ក្រុមការងារបន្ថែម ក្នុងការពន្លឿនការវាស់វែងឱ្យកាន់តែឆាប់រហ័ស ដែលរួមមានទាំងផ្នែកជំនាញបច្ចេកទេសក្រុមហ៊ុន និងរដ្ឋបាលរាជធានី។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «ការសិក្សា និងការដោះស្រាយ គឺត្រូវធ្វើតាមនីតិវិធីឱ្យបានម៉ត់ចត់ ជាពិសេសត្រូវ ពន្លឿនហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ អភិវឌ្ឍន៍នេះជាចាំបាច់»

សាលារាជធានីភ្នំពេញ បាន និងកំពុងខិតខំពន្លឿន ឲ្យការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ និងប្រព័ន្ធលូ ដើម្បីធ្វើយ៉ាងសម្រួល ដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការលិចលង់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀងនេះផងដែរ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស បានដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់សំណង់នានា នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន OCIC សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជាមួយនឹងការដាក់បណ្តាញលូរបង្ហូរទឹកយ៉ាងត្រឹមត្រូវ និងតែងតែយកចិត្តទុកដាក់ដោះស្រាយ បញ្ហាផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ប្រកបស្មារតីទទួលខុសត្រូវខ្ពស់៕