(ភ្នំពេញ)៖ ក្រោមនយោបាយការបរទេសដ៏រស់រវើករបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងវេទិកាតំបន់ និងពិភពលោកកាន់ស្អិតល្មួត។ តាមរយៈភាពរស់រវើកនៃនយោបាយការបរទេសនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលត្រឹមពីរខែប៉ុណ្ណោះ ក្រោយឡើងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានបង្ហាញមុចលើវេទិកាអន្តរជាតិ និងបំពេញបេសកកម្មការងារនៅក្រៅប្រទេសរហូតដល់ទៅ៤លើក។
បេសកកម្មការងារក្រៅប្រទេសលើកទី៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ហើយបំពេញបេសកកម្មការងាររហូតដល់ទៅពីប្រទេស គឺប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីត។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចេញពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ដំណើរអញ្ជើញជាន់ដីចិនជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីការងារជាច្រើន។ ក្នុងរយៈពេល៤ថ្ងៃនេះ ក្រៅតែពីការអញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» លោកទី៣ និងថ្លែងសុន្ទរកថាគន្លឹះស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនចំនួន៣រូប រួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ក្នុងជំនួបជាមួយមេដឹកនាំចិន បានជជែកផ្តោតជាសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងចិន និងកម្ពុជា ឱ្យកាន់តែរស់រវើកថែមទៀត លើវិស័យទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ជាពិសេសការប្តេជ្ញាចិត្តក្នុងការកសាងនយោបាយ «សហគមន៍ជោគវាសនារួម», «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ», ការជំរុញពាណិជ្ជកម្ម អ្នកទេសចរ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ក្រៅតែពីជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិនហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) និងប្រមុខរដ្ឋឡាវ លោក ថងលូន ស៊ីសូលីតផងដែរ។ ក្នុងជំនួបមេដឹកនាំប្រទេសភូមិផងរបងជាប់កម្ពុជាទាំងពីរនេះ បានជជែកផ្តោតជាសំខាន់ទៅលើការតភ្ជាប់រួមមានផ្លូវល្បឿនលឿន និងផ្លូវដែក រវាងកម្ពុជា និងវៀតណាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញគំនិតផ្តួចផ្តើមកិច្ចហសប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេស៣គោលដៅតែមួយ»។
គំនិតផ្តួចផ្តើមនេះ ទទួលបានការស្វាគមន៍ និងគាំទ្រពីប្រមុខរដ្ឋវៀតណាម និងប្រមុខរដ្ឋឡាវផងដែរ។
ដំណើរទៅកាន់ប្រទេសចិនទាំងពីរលើកនេះ ក្រៅតែពីការស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រទេស និងប្រទេសហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អាទិភាពខ្ពស់លើការស្វះស្វែងរកការវិនិយោគពីវិស័យឯកជនរបស់ចិន មកកាន់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន៧រូប និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ថៃមួយរូបផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជនដែលសម្តេចធិបតី បានជួបនោះរួមមាន៖ លោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International, លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd., លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប, លោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC), លោក សែ ភីង (Tse Ping) អគ្គនាយរងក្រុមហ៊ុន Charoen Pokphand Group (CP Group), លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group, លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) និងលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។
ក្រោមនយោបាយខ្សែក្រវាត់និងផ្លូវ បាននាំឱ្យដំណើរទៅកាន់ប្រទេសចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលផ្លែផ្កាដ៏គួរឱ្យសម្គាល់ជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនផងដែរ។ ក្នុងនោះ គេបានឃើញកិច្ចព្រមព្រៀងរវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលចិន រហូតដល់ទៅ១០ ត្រូវបានចុះហត្ថលេខាជាមួយគ្នា ដែលបង្ហាញឱ្យឃើញពីការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បន្ថែមទៀតរវាងប្រទេសទាំងពីរ។
ក្រៅពីកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋហើយនោះ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិស័យឯកជនរបស់ចិនចំនួន៣ថែមទៀត។
កិច្ចព្រមព្រៀងទាំងនោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន
២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការ អភិវឌ្ឍ បៃតង និងកាបូនទាប
៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែ បញ្ជូន អគ្គិសនី ជនបទ ដំណាក់កាលទី៨
៥៖ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន
៦៖ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
៧៖ អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន។
៨៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
៩៖ អនុស្សរណៈស្តីពីការអភិវឌ្ឍវារីអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ។
១០៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល។
ដោយឡែកកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយវិស័យឯកជនរបស់ចិនវិញ រួមមាន៖
១៖ កិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ពោលការសិក្សាលំអិតលើគម្រោង «ព្រែកជីកហ្វូណន-តេជោ»
២៖ ការចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia
៣៖ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.)។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋប៉េកាំង ប្រទេសចិន នៅពេលរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូហោះឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីហោះរយៈពេលជាង ១០ម៉ោង សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានហោះដល់ក្រុងរីយ៉ាដ នៅវេលាម៉ោងជាង ៨យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងម៉ោងជាង១១យប់ ម៉ោងនៅកម្ពុជា។
ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងរីយ៉ាដ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
នាទីក្រុងរីយ៉ាដ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។ កិច្ចប្រជុំនេះ ដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman ព្រះរាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំនៅបណ្តាប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។
កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល ដោយបានប្រកាសថានឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព តាមរយៈការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។
សេចក្តីថ្លែងការណ៍រួមពិនិត្យមើលកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កុមារ និងយុវជនក្រៅសាលា ការអប់រំឌីជីថល ជំនាញឌីជីថល និងការអភិវឌ្ឍជំនាញសតវត្សទី២១ គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលតាមរយៈគំនិតផ្តួចផ្តើម ដូចជាការបណ្តុះបណ្តាលជំនាញសម្រាប់សិស្សានុសិស្ស និងយុវជន ការកសាងសមត្ថភាពសម្រាប់គ្រូបង្រៀន ការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរសិស្សនិស្សិត ការស្រាវជ្រាវ និងការចែករំលែកការអនុវត្ត និងបទពិសោធន៍ល្អៗ។
ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពគ្នាលើឯកសារ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក ២០២៤-២០២៨» និងបានចេញ «សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-អាស៊ាន (GCC-ASEAN) ស្តីពីវឌ្ឍនភាពនៅតំបន់ហ្គាហ្សា»។
ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត និងលោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development - SFD) ផងដែរ។
ក្នុងជំនួបខាងលើ បានជជែកដល់ការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរ។
ក្រៅតែពីជំនួបខាងលើហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ»។ សម្តេចធិបតី បានលើកសំណើតភ្ជាប់រវាងផ្លូវល្បឿនលឿន និងផ្លូវដែករវាងកម្ពុជា ជាមួយវៀតណាម។
ទាំងគំនិតផ្តួចផ្តើម និងសំណើតភ្ជាប់ផ្លូវល្បឿន និងផ្លូវដែកនេះ ទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីវៀតណាម។
I) អត្ថបទសំខាន់ៗ កំលុងពេលបំពេញបេសកកម្មការងាររបស់សម្តេចធិបតីនៅចិន៖
១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន
http://fna.asia/56ba25e
២៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានក្រុមហ៊ុនរបស់ចិន ប្រកាសដាក់ទុន ៦០០លានដុល្លារ សាងសង់ស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់
http://fna.asia/d825422
៣៖ ប្រធានធនាគារចិន ជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើន និងរឹងមាំ
http://fna.asia/75734dd
៤៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនខ្នាតយក្សមួយរបស់ចិន បង្ហាញគម្រោងវិនិយោគលើថាមពលហ្គាស ជាមួយទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក
http://fna.asia/5787abf
៥៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន CP របស់ថៃ បង្ហាញបំណងពង្រីកការវិនិយោគផ្នែកអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប http://fna.asia/ed2fc54
៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យបន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប http://fna.asia/4a91ba3
៧៖ ក្នុងជំនួបជាមួយក្រុមហ៊ុន CRCC, សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស http://fna.asia/d1b9866
៨៖ ថ្នាក់ដឹកនាំចិន បង្ហាញឆន្ទៈបន្តសហការគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧
http://fna.asia/4bf33b3
៩៖ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើឯកសារ១០ទៀត ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ
http://fna.asia/00abede
១០៖ នាយករដ្ឋមន្ត្រីចិន ឯកភាពសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើគម្រោងកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សំដៅលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់
http://fna.asia/c1ca2d0
១១៖ ជយោ! គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» បោះមួយជំហានទៀតហើយ, រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនចិន សិក្សាលំអិត មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់
http://fna.asia/615356b
១២៖ សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា http://fna.asia/9cfd4a8
១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវ ល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ http://fna.asia/a6aabd5
១៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅប៉េកាំង
http://fna.asia/e06137a
១៥៖ ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមសម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ» http://fna.asia/6b2a8d5
១៦៖ ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន http://fna.asia/d559a50
១៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ (បកប្រែភាសាខ្មែរក្រៅផ្លូវការ) http://fna.asia/5de4543
១៨៖ នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថល តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Video inside)
http://fna.asia/cc1aad7
១៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន (Video inside)
http://fna.asia/ae9362b
២០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅបណ្តាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាក្នុងពិភពលោកថា កម្ពុជាស្ថិតក្នុងទីតាំងល្អជំរុញសេដ្ឋកិច្ចឌីជីថល ឱ្យទទួលបានអត្ថប្រយោជន៍ (Video inside)
II) អត្ថបទសំខាន់ៗ កំលុងពេលបំពេញបេសកកម្មការងាររបស់សម្តេចធិបតីនៅអារ៉ាប៊ីសាអូឌីត៖
១៖ សម្តេចធិបតី និងលោកជំទាវ អញ្ជើញដល់ក្រុងរីយ៉ាដ ដោយសុវត្ថិភាព ក្រោយហោះជាង១០ម៉ោង
http://fna.asia/a482ab5
២៖ វៀតណាម គាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ» និងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវដែករវាងកម្ពុជា និងវៀតណាម
http://fna.asia/2e6f278
៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
៤៖ សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត គាំទ្រ ការផ្តល់ហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
http://fna.asia/51812ad
៥៖ នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី
http://fna.asia/28201ed