(ភ្នំពេញ)៖ លោក មឿន ញាណ ម្ចាស់ស្នាដៃថតរូប និងនិពន្ធសៀវភៅ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ដែលបានប្រើប្រាស់កម្លាំងញើសឈាមរយៈពេលជាង ២០ឆ្នាំ ក្នុងការរៀបចំសៀវភៅមួយនេះ រហូតធ្លាក់ខ្លួនឈឺ អង្គុយលើេទេះ ដើម្បីបន្សល់ជាស្នាដៃសម្រាប់កូនខ្មែរជំនាន់ក្រោយ បាននឹងទទួចចង់ឱ្យមានការជួយគាំទ្រសម្រាប់ការបោះពុម្ភផ្សាយស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងគោលបំណងឱ្យកូនខ្មែរ បានដឹងពីសម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា ក៏ដូចជាយកថវិកា សម្រាប់ព្យាបាលជំងឺរបស់ខ្លួនបន្តទៀត។

សៀវភៅ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ដែលពិពណ៌នាពីសម្បត្តិធម្មជាតិ សត្វស្លាប សត្វព្រៃ ទេសភាពធម្មជាតិ ប្រពៃណីទនៀមទម្លាប់ប្រជាជនខ្មែរ អមជាមួយនឹងរូបថតពណ៌ធម្មជាតិយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ដែលជាស្នាដៃនិពន្ធ និងថតរូបដោយផ្ទាល់របស់ លោក មឿន ញាណ ដែលបានចំណាយពេលជាង២០ឆ្នាំ ទើបចេញរូបរាង និងបោះពុម្ព តែហាក់មិនសូវទទួលបានការគាំទ្រ។

គួរបញ្ជាក់ដែរថា «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ត្រូវបានបោះពុម្ពលើកទី១ នៅឆ្នាំ២០១៩ ចំនួន១០ ០០០ក្បាល ក្រោយការគាំទ្របោះពុម្ពផ្សាយដោយមូលនិធិបរិស្ថាន និងសង្គមរបស់ក្រសួងបរិស្ថាន ហើយត្រូវបានចែកចាយ តាមស្ថានទូតកម្ពុជា ដែលប្រចាំនៅបរទេស ស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា និងស្ថាប័នរដ្ឋនានានៅកម្ពុជា។

លោក មឿន ញាណ ម្ចាស់ស្នាដៃសៀវភៅ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ទោះបីជាខ្លួនធ្លាក់ខ្លួនឈឺទៅហើយនោះ ក៏នៅតែទទូចខិតខំបោះពុម្ភសៀវភៅនេះ ដើម្បីបន្សល់ជាការកេរ្តិ៍ដំណែលសម្រាប់យុវជនជំនាន់ក្រោយបានយល់ និងឃើញពីសម្បត្តិធម្មជាតិ សត្វស្លាប សត្វព្រៃ ទេសភាពធម្មជាតិរបស់ប្រទេសកម្ពុជា តែទោះយ៉ាងណាសៀវភៅនេះហាក់មុនសូវទទួលបានការគាំទ្រ សម្រាប់ការបោះពុម្ភលើកទី១ ហើយសម្រាប់ការបោះពុម្ភលើកទី២នេះ គឺមានការគាំទ្រជាបណ្តើរៗហើយ តែទោះជាយ៉ាងណាលោកនៅតែបន្តអំពាវនាវឱ្យមានការគាំទ្រឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ម្ចាស់ស្នាដៃ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» លោក មឿន ញាណ បានរៀបរាប់ថា «ខ្ញុំរីករាយរកអ្វីមកពណ៌នាពុំបានទេ ព្រោះម្ចាស់របស់វា (អ្នកនិព្ធ និងថតរូបនោះ)ដូចជាស្លាប់ម្តងៗទៅហើយ។ តែពុំគួរឱ្យជឿថា មានមនុស្សមកជួយខ្នះខ្នែងឱ្យសៀវភៅនេះនៅដំណើរការជាប្រក្រតី ដូចសង្គ្រោះជីវិតខ្ញុំឱ្យរស់ឡើងវិញដែរ ព្រោះតែមានបំណងចង់ឱ្យជនជាតិខ្មែរដែលរស់នៅលើលោកនេះបានយល់ដឹងខ្លះៗថា ពួកគាត់មានដូនតាសុទ្ធសឹងជាមនុស្សមានចំណេះដឹងសម្បើមណាស់ ហើយពួកគាត់ថែមទាំងបានចារនៅលើសិលាចរឹកលើថ្មប្រាសាទផង។ ឯខ្ញុំបានត្រឹមចម្លងតាមពួកលោកឱ្យអ្នកផងខ្លះៗបានយល់ដឹងតែមួយផ្នែកប៉ុណ្ណោះ»

លោក មឿន ញាណ បានឱ្យដឹងទៀតថា លោកពិតជាចង់ឱ្យគេឯងបានអាន ដឹងខ្លះៗថា ពួកគេជាកូនខ្មែរ ស្គាល់ថាពួកគេជាមនុស្សមានសណ្តានពង្សជាអ្នកគ្រាន់បើដែរ ហើយក៏ពួកគេរស់នៅលើដែនដីសម្បូរសម្បត្តិធម្មជាតិ និងមានវប្បធម៌ជ្រៅជ្រះទៀតផង ដែលមានជាតឹកតាងស្រាប់ ហើយនឹងពុំមានដែនដីណាផ្ទឹមស្មើទេ។ ចូរនាំគ្នាចូលរួមថែរក្សាផង ព្រោះនៅឯណាក៏មិនមានស្មើដែរ។

ទាក់ទងនឹងសៀវភៅនេះដែរ លោករំពឹងទុកថា សៀវភៅនេះនឹងអាចជាប្រយោជន៍ដល់អ្នកអាន ហើយកូនខ្មែរទាំងឡាយក្រោយពីបានអាន និងមើលឃើញសម្រស់ធម្មជាតិទាំងនោះហើយ នឹងប្រែចិត្តកាន់តែស្រឡាញ់ទឹកដីរបស់ពួកគេទ្វេឡើងថែមទៀត និងជួយជំរុញទឹកចិត្តរបស់ពួកគេឱ្យកាន់តែចូលរួមថែរក្សាការពារ។ នេះគ្រាន់តែភាគតូចមួយតែប៉ុននោះ។ លេខទូរស័ព្ទ លោក មឿន ញាណ៖ ០១៧ ៦៩៣ ៦៦៦៕