(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានថ្លែងបែបគំរាមទៅកាន់អឺរ៉ុបថា សហភាពនេះ គួរតែលើកលែងទិដ្ឋាការដល់ប្រទេសតួកគី ឬត្រូវផ្អាកកិច្ចព្រមព្រៀង ដែលយកប្រទេសតួកគី ធ្វើជាកន្លែងរក្សាទុកជនភៀសខ្លួនពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ជាការសម្រាលបន្ទុកតំបន់អឺរ៉ុបនោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។
ឆ្លើយតបចំពោះសំនួរនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild ដែលបានសួរថា តើជនភៀសខ្លួន រាប់ពាន់នាក់នៅក្នុងប្រទេសតួកគី នឹងត្រូវបញ្ជូនទៅកាន់តំបន់អឺរ៉ុបឬទេ ប្រសិនបើសហភាពនេះ មិនព្រមលើកលែងទិដ្ឋាការដល់តួកគី ចាប់ពីខែតុលាតទៅនោះ? លោក Mevlut បានបញ្ជាក់ថា «ខ្ញុំមិនចង់និយាយអំពីករណីធ្ងន់ធ្ងរមុននោះទេ។ ការពិភាក្សាជាមួយសហភាពអឺរ៉ុបកំពុងតែបន្ត ប៉ុន្តែវាច្បាស់លាស់ណាស់ថាយើងនឹងអនុវត្តន៍នូវរាល់សន្និសញ្ញានៅក្នុងពេលតែមួយ ឬ ក៏អាចផ្អាកវាទាំងអស់ក៏ថាបាន»។
គួរបញ្ជាក់ថា ការលើកលែងទិដ្ឋការទៅកាន់តំបន់អឺរ៉ុប ជាការដោះដូរដ៏ប្រសើរមួយសម្រាប់ទីក្រុងអង់ការ៉ា ដើម្បីទទួលយកជនភៀសខ្លួន កុំមានការហូរសង្គ្រប់ចូលតំបន់អឺរ៉ុបច្រើនពេក ប៉ុន្តែគំរោងការនេះត្រូវបានជាប់គាំង ដោយសារតែការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគី បានធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះ អនុវត្តន៍ច្បាប់តឹងរ៉ឹងបំផុត និងឈានទៅដល់ការរឹតបន្តឹង និងរំលោភសិទ្ធិមនុស្សដូចដែលសហភាពអឺរ៉ុបចោទប្រកាន់កន្លងមក៕