(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានសម្តែងចេញនូវការសោកស្តាយ និងព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានបញ្ជូនអាចារ្យ និងមន្ត្រីកំពូលៗទៅកាន់ស្តូបរំលឹកសម័យសង្គ្រាម Yasukuni ដែលចិននិងកូរ៉េខាងត្បូងស្អប់បំផុតនោះ ដើម្បីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនជាតិខ្លួនក្នុងថ្ងៃខួបទី៧១ ឆ្នាំដែលជប៉ុនចាញ់សង្គ្រាមលោក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយចំពោះទង្វើជប៉ុន ខាងលើនេះ ដែលវាបានបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលទីក្រុងតូក្យូ នៅតែចង់រំលឹក ព្រមទាំងមិនទទួលស្គាល់ចំពោះ សង្គ្រាមកាលពីអតីតកាល ដែលចក្រពត្តិជប៉ុនបានបង្កឡើង ដែលនាំឲ្យប្រទេសកូរ៉េ និងចិនផងដែរបាន ទទួលរងគ្រោះដ៏សែនឈឺចាប់។ ប្រទេសកូរ៉េខាងត្បូង ក៏បានអំពាវនាវឲ្យអ្នកនយោបាយជប៉ុនហ៊ានប្រឈមមុខ ចំពោះភាពពិតនៃប្រវត្តិសាស្ត្រ ជាពិសេសទង្វើទៅលើប្រទេសជិតខាងរបស់ខ្លួននោះ។
គួរបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេ ជាបុគ្គលទីមួយហើយក្នុងជានាយករដ្ឋមន្ត្រីជប៉ុន ដែលបានធ្វើដំណើរទៅកាន់ស្តូប Yasukuni ដើម្បីគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុន ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ហើយចាប់តាំងពីឆ្នាំ ២០១៣ នោះមកលោក អាបេ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាង។ ដោយឡែកលោកស្រី Tomomi Inada រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មី ដែលមានបំណងទៅកាន់ស្តូបខាងលើដែរនោះ ក៏បានទទួលព្រនង់នៃពាក្យរិះគន់ ពីបណ្តាប្រទេសជិតខាងផងដែរ៕