(ព្រះសីហនុ)៖ ក្រុមហ៊ុន ចេជាង ហូម ផញ (Zhejiang home Point Furniture) គឺជាក្រុមហ៊ុន​ផលិត​​​គ្រឿង​សង្ហារិមប្រណិតៗ សម្រាប់នាំចេញទៅក្រៅប្រទេស មានដូចជាសហរដ្ឋអាមេរិកជាដើម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបើករោងចក្រផលិតសាឡុង នៅតំបន់សេដ្ឋកិច្ច​ពិសេស​ចេជាង​ ក្នុងស្រុកព្រៃនប់ ខេត្តកំពង់ព្រះសីហនុ។

រោងចក្រនេះ បានផលិតសាឡុងទំនើបៗមានតម្លៃរាប់ពាន់ដុល្លារ ហើយខ្លះទៀតចូលដល់ខ្ទង់ម៉ឺនដុល្លារ​ថែម​ទៀតផង។

លោក ដារា អ្នកគ្រប់គ្រងផ្នែកផលិតនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា រោងចក្របានដំណើរការនៅតំបន់​សេដ្ឋ​កិច្ច​ពិសេស​ចេជាងរយៈពេលប្រមាណ ៤ឆ្នាំមកហើយ។ លោកបានឱ្យដឹងថា សាឡុងប្រណិតៗទាំង​នេះ ត្រូវបានផលិតដោយកូនខ្មែរទាំងស្រុង ចាប់តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់សម្រេច រួមមាន​កាត់ ដេរ និងដំឡើង។

លោក ដារា បានឱ្យដឹងថា បច្ចុប្បន្នរោងចក្រនេះ មានកម្មករ កម្មការិនី ប្រមាណ ១,១៦០នាក់ ហើយ​ទទួល​បានប្រាក់ខែខ្ពស់ថែមទៀតផង ចន្លោះពី ៤០០ ទៅ៥០០ដុល្លារ សម្រាប់កម្មករធម្មតា។ ដោយ​ឡែក​កម្មករជំនាញអាចបានប្រាក់ឈ្នួលរហូតដល់ទៅជិត ១ពាន់ដុល្លារក៏មាន។

បើតាមលោក ដារា បើទោះបីបច្ចុប្បន្នពិភពលោករងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្តី តែរោងចក្រផលិត​សាឡុង​នេះ នៅតែមានការងារធ្វើ និងមានការបញ្ជាទិញកាន់តែច្រើនថែមទៀតផង។

រោងចក្រ ចេជាង ហូម ផញ បានក្លាយទៅជាការដ្ឋានការងារដ៏មានសារៈសំខាន់មួយនៅក្នុងស្រុកព្រៃនប់ ហើយបានរួមចំណែកផ្តល់ការងារ និងចំណូល សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋខ្មែរ។ កម្មករផ្នែក​ដំឡើង​​សាឡុងមួយរូបមកពីខេត្តកំពត បានឱ្យដឹងថា ពីមុនរូបគេ ជាមួយភរិយា បានបម្រើ​ការ​ងារ​​ផ្នែក​សំណង់ តែមិនសន្សំលុយមិនសល់នោះឡើយ ព្រោះតែការងារមិនទៀងទាត់។

បន្ទាប់ពីពួកគេទាំងពីរនាក់ប្តីប្រពន្ធចូលមកធ្វើការងារនៅរោងចក្រនេះ ពួកគេរកបានចំណូល​រួម​គ្នា​ប្រមាណ​ជា ១ពាន់ដុល្លារក្នុងមួយខែ តាមរយៈការងារនៅរោងចក្រនេះ ធ្វើឱ្យពួកគេសល់លុយ សន្សំបានទិញដី និងសង់ផ្ទះសម្រាប់រស់នៅផងដែរ៕