(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣, នៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ មានការរៀបចំ «កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង ឯកឧត្តមអនុប្រធានក្រុមការងារយុវជនគណបក្សរាជធានី រួមមាន៖ លោក ឃុត ចាន់ដារ៉ា, លោក សំហេង បុរស, លោក ហួត ហៃ, លោក វ៉ា សុធា និង លោក សុខ ពេញវុធ ព្រមទាំងទទួលបានការចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក-សមាជិកាក្រុមការងារយុវជនគណបក្សរាជធានី, លោក-លោកស្រី ប្រធាន-អនុប្រធាន ក្រុមការងារយុវជនគណបក្សខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ផែនចំណុះទាំង១១ និង ក្រុមសកម្មជន ខ.២៦ ភព សរុបប្រមាណ ៣០០ នាក់។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយចាប់ផ្តើមពីការធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សរាជធានី ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសអំពីការងារពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំង អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់រាជធានី ខណ្ឌ និងសង្កាត់ និងការចូលរួមសកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្សរាជធានីគ្រប់លំដាប់ថ្នាក់ ក្នុងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលកន្លងមក ដោយផែនផែនការនិងរបាយការណ៍ នៃក្រុមការងារយុវជនគណបក្សរាជធានី។

បន្ទាប់មក ក្បាលម៉ាស៊ីនដឹកនាំយុវជនដែលបានចូលរួមក្នុងកិច្ចប្រជុំ បានចូលរួមលើកឡើង និងចែករំលែកនូវបច្ចុប្បន្នភាពវឌ្ឍនភាពការងារ បទពិសោធន៍នៃការងារកសាងសមាជិកបក្ស ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះជាក់ស្តែង និងសំណូមពរការងារចំពោះមុខ ដើម្បីដាក់ជូនក្រុមការងារយុវជនគណបក្សរាជធានី ពិនិត្យដោះស្រាយ។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ, បន្ថែមលើការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, ព្រមទាំងថ្នាក់ដឹកនាំគណបក្សរាជធានី ជូនដល់ក្បាលម៉ាស៊ីនយុវជនថ្នាក់រាជធានី ខណ្ឌ សង្កាត់ និង ផែនចំណុះ ទាំង ៣០០ រូប, លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់សកម្មជនយុវជនទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងធនធាន ចូលរួមយ៉ាងក្លៀវក្លាក្នុងការងារបោះឆ្នោត ទាំងដំណាក់កាលមុនយុទ្ធនាការ ដំណាក់កាលយុទ្ធនាការ និងក្នុងថ្ងៃបោះឆ្នោត រួមចំណែកឲ្យគណបក្សទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។

ជាមួយគ្នានេះ ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ លោក នួន ផារ័ត្ន ក៏បានឆ្លើយតបជាមួយសំណូមពរ និងបញ្ហាប្រឈមដែលបានលើកឡើងដោយក្បាលម៉ាស៊ីនដឹកនាំយុវជននីមួយៗ និងបានឯកភាពជាមួយរបាយការណ៍ដែលបានរាយការណ៍ដោយផែនផែនការនិងរបាយការណ៍ ព្រមទាំងបានបូកសរុប ដាក់ចេញទិសដៅអនុវត្តការងារបន្តសម្រាប់ក្រុមការងារយុវជនរាជធានី ដោយផ្តោតលើការពង្រឹងអ្វីដែលមានស្រាប់ និងពង្រីកយកភូមិសាស្រ្តនិងកម្លាំងឲ្យបានច្រើន ក្នុងបរិការណ៍បច្ចុប្បន្ន ដែលកំពុងផ្តល់ភាពអំណោយផលខ្ពស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សកម្មជនយុវជនក្នុងរចនាសម្ព័ន្ធរបស់ក្រុមការងារយុវជនគណបក្សថ្នាក់រាជធានី ថ្នាក់ខណ្ឌ ថ្នាក់សង្កាត់ និងផែនចំណុះទាំង១១ មានចំនួនសរុបប្រមាណជាង ៣០០០០ នាក់៕