(ភ្នំពេញ)៖ ក្នុងវគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» របស់ FTC នៅចុងសប្តាហ៍នេះ លោក អាន ស៊ីថាវ អ្នកជំនាញព័ត៌មានសេដ្ឋកិច្ច មានពិសោធន៍ការងារប្រមាណ១៥ឆ្នាំ បានលើកឡើងថា ការសរសេរអត្ថបទព័ត៌មានសេដ្ឋកិច្ចល្អត្រូវមាន២ចំណុចសំខាន់ៗ គឺគ្រោងរឿងត្រឹមត្រូវ និងប្រធានបទល្អ។
លោក អាន ស៊ីថាវ បានបន្ថែមថា ការសរសេរអត្ថបទសេដ្ឋកិច្ចល្អ រួមមាន៖
១៖ គ្រោងរឿងត្រឹមត្រូវ
* ប្រធានបទទាក់ទាញ
* ចំណុចសំខាន់សង្ខេប
* សម្រង់សម្ដីសំខាន់ (Quote)
* សេចក្តីផ្តើម (Lead)
*Body
*Eding
២៖ ប្រធានបទល្អ
* ប្រធានល្អ គឺជារឿងទាក់ចិត្តអ្នកអាន ស្តាប់ មើល បានលឿន ហើយត្រូវនឹងស្ថានភាពដែលគាត់ចង់ដឹងពីអ្នកជំនាញ។
ជាមួយគ្នានេះ លោក អាន ស៊ីថាវ បានបន្ដថា 5W&H ជារបៀបសួរដើម្បីទទួលបានព័ត៌មាន និងការដោះស្រាយបញ្ហា។ វាជាឧបករណ៍ដើម្បីជួយឱ្យអ្នកព័ត៌មាន សរសេរអត្ថបទព័ត៌មានបានល្អ និងត្រឹមត្រូវ។
សូមបញ្ជាក់ថា វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាវគ្គសិក្សាថ្មីទី៣ របស់ FTC បន្ទាប់ពីវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានទូទៅ និងវគ្គសិក្សាអំពីជំនាញថតរូប។ ខណៈដែល FTC គ្រោងនឹងដាក់ចេញនូវវគ្គផ្សេងៗទៀត ពាក់ព័ន្ធនឹងជំនាញព័ត៌មាន។
FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕