(កែប)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ជាតិ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ជូនមន្ត្រីរាជការនៅខេត្តកែប។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។
នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានកោតសសើរពីការយល់ដឹង និងមានសមត្ថភាពខ្ពស់ របស់អភិបាលខេត្តកែប ដែលបានឆ្លុះបញ្ជាំងពីសមត្ថភាពដឹកនាំខេត្តបានល្អទាំងផ្នែករដ្ឋបាល នយោបាយ សេដ្ឋកិច្ច និងអនុវត្តន៍បានល្អនូវការគោរពសិទ្ធិមនុស្ស នៅក្នុងមូលដ្ឋានខេត្តកែប ហើយនេះជាសំណាងរបស់ពលរដ្ឋខេត្តកែបផងដែរ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្យីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា សន្តិភាពនេះហើយ ដែលធ្វើឱ្យមនុស្សមានសេចក្តីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត សន្តិភាពនេះហើយ ដែលធ្វើអោយការអនុវត្តន៍នូវសិទ្ធសេរីភាពនានា អាចដំណើរការទៅបាន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្ថែមថា កម្ពុជាបានឈានមុខគេក្នុងតំបន់នៃការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា និងហ៊ានបើកទ្វារចំហរាល់កិច្ចសន្ទា និងការស្នើរសុំជួបពីបរទេស ដើម្បីជជែកអំពីការងារសិទ្ធិមនុស្ស។
នាឱកាសនោះ លោក សោម ពិសិដ្ឋ បានថ្លែងថា ការឆ្លុះបញ្ជាំងពីតថភាពសង្រ្គាមដែលកំពុងកើតមានរវាង រុស្សី និងអ៊ុយក្រែន សង្រ្គាមរវាងអីស្រាអែល និងបាឡេស្ទីន នៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងកើតមានធ្វើឱ្យទីនោះលែងមានសន្តិភាព ហើយសិទ្ធសេរីភាពនានា ក៏លែងត្រូវបានអនុវត្តន៍ ហើយបើគ្មានសន្តិភាព កុំនិយាយដល់សិទ្ធសេរីភាពនានា ហើយការអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យរឹតតែហៅលែងលឺតែម្តង។ បើមានសន្តិភាពនាំឱ្យមានសិទ្ធក្នុងការរស់រានមានជីវិត ហើយបើមិនមានជីវិតទេ កុំនិយាយរឿងសិទ្ធមនុស្ស សិទ្ធសេរីភាពនានា ហើយក៏កុំនិយាយរឿងលទ្ធិប្រជាធិបតេយ្យ ព្រោះមិនអាចដំណើរការបាននោះទេ។
លោកអភិបាលខេត្ត បន្តបញ្ជាក់ថា នៅខេត្តកែប ក៏ដូចជាប្រទេសកម្ពុជា នាពេលបច្ចប្បន្ន បានគោរព និងអនុវត្តន៍បានល្អប្រសើរនូវសិទ្ធសេរីភាពនានារបស់ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ហើយនេះក៏មិនអាចភ្លេចបាននោះទេនូវគុណូបការៈ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់ បូជាកម្លាំងកាយចិត្ត យកអាយុជិវិតធ្វើជាដើមទុន ក្នុងការដោះដូរយកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។ សន្តិភាពនេះ ក៏កំពុងបន្តរក្សាបានល្អប្រសើរ ក្នុងសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕