(កណ្ដាល)៖ លោក ណុប រ័ត្ននិមល បានរៀបចំកម្មវិធីប្រឡងសាកល្បងសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានគូសបញ្ជាក់ថា សិស្សានុសិស្ស គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្តាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រេីនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសប្រឡងសាកល្បងកម្រិតទុតិយភូមិសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ។
លោក ណុប រ័ត្ននិមល បានថ្លែងថា ការប្រឡងសាកល្បងនេះ គឺជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់សិស្សានុសិស្ស ឲ្យកាន់តែព្យាយាមសិក្សារៀនសូត្រ ដេីម្បីប្រឡងនាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុន គឺទទួលបាននិទ្ទេសល្អចំនួន៤នាក់ទូទាំងស្រុកកណ្តាលស្ទឹង។
លោកបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ជាពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព បេីគ្មានសន្តិភាព គឺពុំបានរៀនសូត្រនោះទេ សុខសន្តិភាពប្រៀបបានទៅនឹងអ៊ុកស៊ីសែន ព្រោះថាបើគ្មានអ៊ុកស៊ីសែននោះទេ ជីវិតមនុស្ស សត្វលោកយើងនេះ ក៏មិនអាចរស់រានមានជីវិតទៅបានផងដែរ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងភាពឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក ណុប រ័ត្ននិមល បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឲ្យខិតខំសិក្សារៀនសូត្រឲ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ដេីម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រេីនជាបន្តទៀត។
លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដេីម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងការអនុវត្តវិធានការសុខាភិបាល គឺ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នៅក្នុងសង្គមជាតិកម្ពុជា៕