(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យសមិទ្ធផលនានា នៅក្នុងខេត្តតាកែវ។
សូមបញ្ជាក់ថា នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកយុទ្ធនាការជាបន្តបន្ទាប់ ក្នុងការជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ។ យុទ្ធនាការនេះ ក៏ជាការត្រួតពិនិត្យមើលសមិទ្ធផលពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនផងដែរ។
កាលពីម្សិលមិញ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពគុយទាវ នៅតាមជនបទ ពេលសម្តេចចុះធ្វើយុទ្ធនាការជួបជាមួយប្រជាពលរដ្ឋ តាមបណ្តាខេត្ត។ សម្តេចក៏បានកោតសរសើរថា គុយទាវ នៅតាមជនបទ មានរសជាតិឆ្ងាញ់មិនចាញ់គុយទាវ នៅទីក្រុងឡើយ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅខេត្តចំនួន១២ រួចទៅហើយ ក្នុងនោះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ ឆ្នាំង និងពោធិ៍សាត់ជាដើម។
ដំណើរចុះមកតាមខេត្តនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏តែងបានចូលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងក្រុមអាជីវករ ហើយ តែងបានផ្តល់អគារសិក្សា និងបានដោះស្រាយ បញ្ហាទុក្ខលំបាកជូនក្រុមអាជីវករផងដែរ៕