(សៀមរាប)៖ លោក ស៉ីម ឈីវឈានពិសិដ្ឋ មគ្គទេសក៍ទេសចរណ៍ ភាសាអង់គ្លេស និងអាល្លឺម៉ង់ តំណាងមគ្គទេសក៍ទេសចរណ៍ នៅខាងមុខប្រសាទអង្គរវត្ត បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយមិត្តចិន បានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានបើក​ដំណើរការកាលពីពេលថ្មីៗនេះ ដោយមានទំហំធំទូលាយ និងស្រស់ស្អាត នឹងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាអង្គរវត្តច្រើន នាពេលខាងដ៏ខ្លីខាងមុខ។ 

លោក ស៉ីម ឈីវឈានពិសិដ្ឋ បានបន្តថា មុនពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើក​ដំណើរការ ខ្លួនបានលួចចិញ្ចឹមចិត្តត្រេកអរ និងសប្បាយរីករាយ សង្ឃឹមថានឹងភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបច្រើនជាងពីមុនសម័យកូវីដ១៩ ទៅទៀត ហើយជីវភាពប្រជាពលរដ្ឋនឹងមានការរីកចំរើន សេដ្ឋកិច្ចប្រទេសជាតិ ក៏មានការអភិវឌ្ឍជឿនលឿន ទៅមុខផងដែរ។

ទន្ទឹមនឹងនេះដែរ លោកក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធ ពេលភ្ញៀវទេសចរចុះមកដល់ព្រលានយន្តហោះ ដូចជា៖

ទី១៖ សូមជួយធ្វើបែបបទដល់ភ្ញៀវឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។
ទី២៖ សូមពិនិត្យត្រង់កន្លែងដឹកជញ្ជូនអីវ៉ាន់ សូមកុំឲ្យមានរហែក ឬក៏បែកបាក់របស់របរភ្ញៀវ។
ទី៣៖ នៅតាមច្រកព្រំដែន សូមកុំឲ្យមានបែបបទច្រើន (សូមឲ្យគ្រប់ភាគីពាក់ព័ន្ធ សូមឲ្យនៅតែមួយកន្លែងបានហើយ)។
ទី៤៖ សូមឲ្យក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលរៀងរាល់ ៦ខែម្តង។
ទី៥៖ សូមស្នើដល់គ្រប់ស្ថាប័នផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានច្រើន ដើម្បីជាការទាក់ទាញទេសចរ។
  
លោកក៏បានស្នើដល់ក្រសួងទេសចរណ៍ សូមជួយសម្រួល និងផ្តល់ឱកាសដល់វិស័យឯក ដែលមានលទ្ធភាព និងចំណេះជំនាញ ដែលចង់រៀបចំតំបន់ទស្សនាបែបធម្មជាតិ វប្បធម៌ កសិឧស្សាហកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើនផងដែរ៕