(កែប)៖ លោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol  Bangprapa ប្រធានសមាគមសារព័ត៌មានថៃ បានដឹកនាំក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធទាំងពីរប្រទេស មកទស្សនកិច្ចរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣) ដើម្បីស្វែងយល់ពីភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តកែប។

ដំណើរទស្សនកិច្ចនេះ គឺមានការទទួលរាក់ទាក់ និងស្វាគមន៍ ពីសំណាក់លោក ប៊ុន យោង អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ ដោយចូលរួមពីសំណាក់មន្ត្រីរាជការ មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកែប។

ក្នុងឱកាសជំនួបនោះ លោក ប៊ុន យោង បានថ្លែងថា ខេត្តកែបជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ផងដែរ។ ខេត្តកែប មានខ្យល់សមុទ្រដ៏បរិសុទ្ធ ហើយមានផលវិជ្ជមាន សម្រាប់សុខភាព ហើយកន្លងទៅខ្យល់សមុទ្រខេត្តកែប អាចព្យាបាលជំងឺហឺត និងជំងឺស្រ្តេសបាន ដែលនេះជាការអះអាង របស់ដុកទ័រមកពីប្រទេសបារាំង កាលពីសម័យកាលមក។

លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការភ្ជាក់ផ្អើល ចំពោះការលើកឡើងរបស់អភិបាលរងខេត្តកែប ប៊ុន យោង។

ទន្ទឹមនេះ លោក ពុយ គា ក៏បានសំណូមពរ និងស្នើរដល់បណ្តាញសារព័ត៌មានពាក់ព័ន្ធទាំងអស់ ជួយជ្រោមជ្រែង និងធ្វើការផ្សព្វផ្សាយ ពីចំណុចពិសេសរបស់ខេត្តកែបមួយនេះ ដើម្បីជូនដល់សាធារណៈជន ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ រដ្ឋបាលខេត្តកែប បានរៀបចំដំណើរទៅស្វែងយល់ពីសក្តានុពលរបស់ខេត្តកែប នៅទីតាំងមួយចំនួនមានឧទ្យានជាតិកែប រួមមានកន្លែងសត្វកេងកង, ប៉មមើលទេសភាព, ចម្ការម្រេច, ចម្ការត្របែក, ទីលានប្រណាំងសេះខេត្តកែប និងទៅតំបន់មួយទៀតដែលកំពុងប្រែមុខប្រែមាត់ខ្លាំង គឺឆ្នេរអង្កោល៕