អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយពីការពង្រឹង ការអនុវត្តកាតព្វកិច្ចពន្ធ សម្រាប់អ្នកជាប់ពន្ធធំ
15-08-2016 14:30
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំនៅសិក្ខាសាលាមួយស្ដីពីការ «ពង្រឹងការ អនុវត្តកាតព្វកិច្ចពន្ធ ចំពោះសហគ្រាស ដែលស្ថិតក្រោមការគ្រប់គ្រង របស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ» ដោយមាន ការចូលរួមពីសំណាក់លោក ស្រ៊ុន អង្គរ៉េន អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងនាយក ឬតំណាងសហគ្រាស ចំនួន២០០ផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងផ្ដោតទៅលើការ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀត និងឲ្យបានជ្រួតជ្រាបដល់គ្រប់មជ្ឈដ្ឋាន អ្នកជាប់ពន្ធ ជាពិសេសដើម្បី ស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត សំដៅធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធ គោរពឲ្យបានខ្ជាប់ខ្ជួន នូវការអនុវត្តច្បាប់ ស្តីពីសារពើពន្ធ និងចៀសវាងបាននូវកំហុសឆ្គង ដោយប្រការណាមួយ ដែលអាចនាំទៅដល់ការទទួលរងនូវការ ផាកពិន័យ និងទោសទណ្ឌផ្សេងៗ ពីសំណាក់រដ្ឋបាលសារពើពន្ធ និងរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។
សិក្ខាសាលានេះ នឹងផ្ដល់ឲ្យ សិក្ខាកាមដែលចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ យន្តការនៃការអនុវត្តអាករលើតម្លៃបន្ថែម ជាពិសេសគឺគំរូនៃការប្រើប្រាស់វិក្កយបត្រ សម្រាប់អ្នកជាប់ពន្ធតាមរបប ស្វ័យប្រកាស។
លោក ស្រ៊ុន អង្គរ៉េន បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ធុរកិច្ចដែលបានចូលរួមនឹងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តច្បាប់ ឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពខ្ពស់ថែមទៀត៕