(ភ្នំពេញ)៖ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០អណ្ដូង ក្នុងខេត្តកំពង់ធំ និង ខេត្តឧត្តរមានជ័យ ដែលជាអំណោយ របស់សមាគមបេសកកម្មដំណឹងល្អ ផ្ដល់ជូនប្រជននៅតាមទីជនបទ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣ លោកខាន់ ខុន បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ លោកបណ្ឌិត ចាយ បូរិន ពីការដឹកនាំ ការលើកស្ទួយទៅវិញទៅមក នូវទង្វើល្អ របស់គ្រិស្តសាសនា ក្នុងការជួយដល់រដ្ឋាភិបាល នៅតាមទីកន្លែង ដែលពុំទាន់មាន ទឹកប្រើប្រាស់គ្រប់គ្រាន់ នៅរដូវប្រាំង ឬមិនទាន់មានប្រភពទឹក ស្អាតទៅដល់។

នាឱកាសនោះ លោកបានលើកឡើងថា ដោយការរស់ក្នុងម្លប់សន្តិភាព យើងគប្បីរួមជួយគ្នា ចែករំលែក នូវអ្វីដែលយើងមាន ហើយអាចធ្វើបាន ជួយដល់ប្រជាជន ដែលពុំទាន់មានលទ្ធភាព និងតបតាមតម្រូវការជាក់ស្ដែង ដូចជាអ្វីដែល សមាគមបេសកកម្មដំណឹងល្អ បាន និងកំពុងធ្វើ ហើយក៏បានរួមជាមួយគ្រីស្ទសាសនិក ក្នុងការជួយជាអណ្ដូងតាមអ្វីដែលយើងអាចធ្វើបាន ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជា ខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាម្គីភាព ។

ជាពិសេស គឺគោរពតាម គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជានិច្ចជាកាលតែងតែ ណែនាំដល់មន្រ្តីគ្រប់រូប គឺត្រូវចុះ សំណេះសំណាលសួរសុខទុក្ខ និងជួយឲ្យបានទាន់ពេល ដែលជាភាពចាំបាច់ របស់ប្រជាជនក្នុងសហគមន៍ ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោបាយ នៅកម្ពុជា និងការធានា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំ កែសម្រួល ធ្វើយ៉ាងណា ដើម្បីបម្រើដល់សេចក្ដីត្រូវការជាក់ស្ដែង របស់ប្រជាជននៅក្នុងមូលដ្ឋាន។

តាមរយៈអណ្ដូងនេះ ជួយដល់ការរស់នៅ ក្នុងការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃ ជួយកាត់បន្ថយ ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ជនចាស់ជរា ស្រ្តីមេម៉ាយ ក្នុងការប្រើប្រាស់ ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំមួយចំនួន សម្រាប់ចិញ្ចឹមជីវិត ។

បន្ថែមពីនេះ លោកបានផ្ដាំផ្ញើបងប្អូន ពីររបៀបរស់នៅ ក្រកបដោយអនាម័យ នៅក្នុងមូលដ្ឋាន កន្លែងស្នាក់នៅ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការរស់នៅ ក្នុងក្រុមគ្រួសារ តាមរយៈការប្រើប្រាស់ទឹក ដោយមានអនាម័យ ផឹកស្អាត រស់នៅស្អាត ចៀសផុតពីរជំងឺផ្សេងៗ ។ ភាពដែលចាំបាច់ ហើយសំខាន់មួយទៀតនោះ គឺ ឪពុកម្តាយដែលមានកូន ឬកូន កំពុងបន្តការសិក្សា ត្រូវខិតខំយ៉ាងណា ជំរុញកូន ឲ្យបានបន្តការសិក្សា និងឱ្យកូនបានរៀន ចប់ថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ ពីព្រោះការសិក្សារៀនសូត្រ វាជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង ដែលជួយតម្រង់ទិស នៃអនាគតរបស់ពួកគេ ។

ការសិក្សារៀនសូត្រ វាមានឥទ្ធិពល សំខាន់ក្នុងការជួយ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសនោះ គឺការយកទៅ ប្រកបដោយក្រមសីលធម៌ ក្នុងសង្គម ជាតិ ។ អ្វីទាំងអស់នេះវាកើតឡើងបាន ដោយយើងមានការចូលរួមគ្នា រក្សាសុខសន្តិភាព ដើម្បីភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។

អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០អណ្ដូង មានទីតាំងនៅ៖

១៖ ភូមិអូរខ្ចៅ ភូមិគោកអម្ពិល ភូមិខ្នាចឬស្សី និងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

២៖ ភូមិស្លែងពណ៌ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

៣៖ ភូមិឃ្លាំងកណ្ដាល និងភូមិសន្តិភាព ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

៤៖ ភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

៥៖ ភូមិត្រពាំងអារ័ក្ស ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមាគមបេសកកម្មដំណឹងល្អ ជាសមាគមរបស់គ្រីស្ទសាសនាដែលបានរួមគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេសបរិច្ចាគ ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង៕