(ភ្នំពេញ)៖ ក្នុងបេសកកម្មការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត គឺចំថ្ងៃខួបកំណើតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានរៀបចំនំខួបកំណើតដ៏ស្រស់ស្អាតមួយជូនសម្តេចធិបតី ដើម្បីអបអរសាទរក្នុងថ្ងៃដ៏មានសិរីមង្គលនេះ។
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួបគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រោះតែការងារដ៏មមាញឹកដើម្បីបុព្វហេតុជាតិ និងប្រជាជន ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ថ្ងៃកំណើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្មានឡើយការជួបជុំក្រុមគ្រួសារ និងកូនៗ ដើម្បីអបអរសាទរថ្ងៃកំណើត។
តាំងពីមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី ពេលនៅជាមេបញ្ជាការកងទ័ពជើងគោក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនសូវជាមានពេលបានជួបជុំគ្រួសារ ដើម្បីធ្វើពិធីអបអរសាទរខួបកំណើតនោះឡើយ។ ថ្ងៃខួបកំណើតភាគច្រើន សម្តេចជាប់បំពេញភារកិច្ចក្នុងជួរទ័ពនៅតាមខេត្ត៕