(ចិន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន ជួយវិនិយោគសង់ស្ថានីយសាករថយន្តអគ្គិសនី ឱ្យបានកាន់តែច្រើននៅកម្ពុជា ដើម្បីជួយសម្រួលដល់ការសាករថយន្តអគ្គិសនី។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើក្រុមហ៊ុនដំឡើងគ្រឿងបង្គុំរថយន្តនៅកម្ពុជាផងដែរ។
សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd. នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមដំឡើងស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គិសនី។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រច្រវាក់ផលិតកម្មគ្រឿងបង្គុំយានយន្តនៅកម្ពុជា ដោយហេតុថា ៦៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។ ជាងនេះទៅទៀត ដើម្បីជំរុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានា ដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើវិស័យយានយន្តអគ្គិសនី (EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
ក្នុងជំនួបនោះ ក្រុមហ៊ុនបានជម្រាបរាយការណ៍ជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។
លើសពីនេះទៅទៀត រថយន្តប្រភេទថ្មីផ្សេងៗទៀត ក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕