(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព រប់សហភាពអឺរ៉ុបនៅកម្ពុជា បានស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់លក្ខណៈមិត្ដភាពមួយ សំដៅរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមានទំនាក់ទំនងសហប្រតិបត្តិការ ជាមួយកម្ពុជាជាយូរមកហើយទៅលើវិស័យកសិកម្ម, អប់រំ និងធុរកិច្ច ហើយសហភាពអឺរ៉ុប និងបន្តសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អថែមទៀត។

លោកបានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងល្អប្រសើរថែមទៀត។ លោកក៏បានបង្ហាញគោលជំហរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អបន្ថែមទៀត ហើយប្រសិនបើរដ្ឋបាលរាជធានីភ្នំពេញ មានតម្រូវការឲ្យសហភាពអឺរ៉ុបជួយនឹង អាចលើកសំណើបាន។ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានសំណូមពរឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ហើយពិធីនេះអាចរៀបចំក្នុងរដូវប្រាំង។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានរៀបរាប់ពីភូមិសាស្ត្រ និងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុល ពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នូវបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើឲ្យរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋ បែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។

លោក ឃួង ស្រេង បានអះអាងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពិតបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយក្រៅពីមានមន្ទីរពេទ្យរដ្ឋ ចំនួន១០កន្លែងហើយ នូវបានបង្កើតនូវមន្ទីរពេទ្យថ្មី និងធំមួយទៀត នោះគឺមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានរហូតដល់ ១ម៉ឺនគ្រែ ដែលគ្រោងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕