(ចិន)៖ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យារបស់ចិននោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តចុះជួបជាមួយក្រុមហ៊ុនខ្នាតយក្សជាច្រើនរបស់ចិន ដើម្បីបញ្ចុះបញ្ចូលឱ្យពួកគេមកវិនិយោកនៅកម្ពុជា។
នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់។ ក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក្រុមហ៊ុនក៏អាចផលិតជាកញ្ចក់សូឡា (Solar Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។
ស្របតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុនចិន, លោកឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏បានបង្ហាញការតាំងចិត្តថា នឹងអញ្ជើញមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំង សក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Xinyi Solar គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមានរោងចក្រផលិតចំនួន១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទ Photovoltaic ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃ (daily melting capacity) សរុបចំនួន ២១,៨០០តោន៕