(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបថា គិតត្រឹមម៉ោង៥៖៣០ល្ងាច ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតំបន់ខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពុងបន្តស្រកចុះបន្តិចម្តងៗ ក្នុងនោះស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់៦.១០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧.៥០ម៉ែត្រ ស្រក៣៦សង់ទីម៉ែត្រ បើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់៧.៦២ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧.៥០ម៉ែត្រ កើនឡើង១សង់ទីម៉ែត្រ បើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងបានទម្លាក់បិទទ្វារកម្ពស់២ម៉ែត្រ លើកម្ពស់ទ្វារសរុប៧ម៉ែត្រ ចំនួន៤ទ្វារ ព្រោះសន្ទុះទឹកស្រកខ្លាំង ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់៧មករា នៅម៉ោង៥៖៣០ ទឹកមានកម្ពស់៩.៣៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៨.៣០ម៉ែត្រ ហើយចាប់ពីម៉ោង៦៖០០ល្ងាចមក សន្ទុះទឹកឈប់ឡើងគឺនៅនឹង ហើយកំពុងទម្លាក់ទ្វារ៣០សង់ទីម៉ែត្រ ចំនួន៤ទ្វារ ដើម្បីសម្រួលចរន្តទឹកផ្នែកខាងក្រោម។

លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងប្រមូលចូលពោះស្ទឹងជាបណ្តើរៗហើយ យ៉ាងយូរពាក់កណ្តាលអធ្រាត្រនេះ ទឹកចូលពោះស្ទឹងអស់ហើយ ដែលធ្វើឱ្យផ្នែកខាងក្រោមត្រូវការពេលវេលាសម្រាប់រយៈពេលទឹកស្រក។ តាមការព្យាករ កម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ សន្ទុះសម្រកនេះប្រើរយៈពេលពី១២ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។

បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ លោករដ្ឋមន្ត្រីក៏មិនភ្លេចផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹកនិងឧតុនិយម រួមជាមួយអាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះស្ថានភាពទឹកនារដូវវស្សានេះ៕