(ភ្នំពេញ)៖ អ្នកស្រី នួន សុន្ទរី ហៅស្រីអូន បានប្រកាសថា ទំព័រហ្វេសប៊ុករបស់អ្នកស្រី ដែលមានឈ្មោះថា «Nuon Sunnary - ស្រីអូន» ត្រូវបានគេចូលទៅគ្រប់គ្រង និងប្តូររូប Profile ថែមទៀតផង។
អ្នកស្រី សុន្ទរី បានកើតការភ្ញាក់ផ្អើល និងដឹកថា មានគេចូលទៅគ្រប់គ្រងទំព័រហ្វេសប៊ុករបស់អ្នកស្រីនេះ បន្ទាប់ពីមានអ្នកចូលទៅប្តូររូប Profile លើទំព័រហ្វេសប៊ុកនេះ ពីរូបផ្ទាំងពណ៌ខ្មៅ ដែលជាការកាន់ទុក្ខ ទៅជាដូរមកដាក់រូបអ្នកស្រីជំនួសវិញ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ។
អ្នកស្រី សុន្ទរី បានបញ្ជាក់បែបនេះ «ខ្ញុំមិនដឹងថា តេីអ្នកណាម្នាក់ដែលមកប្តូររូបប្រូហ្វែល profile របស់ខ្ញុំទេ ទាំងដែលខ្ញុំមិនបានកាន់ទូរស័ព្ទ (បងប្រុសដកទូរស័ព្ទ)»។
ទន្ទឹមនឹងមានអ្នកចូលទៅគ្រប់គ្រងទំព័រហ្វេសប៊ុក និងប្តូររូប Profile ហើយនោះ លេខទូរស័ព្ទសពស្វាមីរបស់អ្នកស្រី ក៏ត្រូវបានគេយកទៅប្រើប្រាស់ផងដែរ។
បើតាមអ្នកស្រី សុន្ទរី បានឱ្យដឹងថា ទំព័រហ្វេសប៊ុកខាងលើនេះ ត្រូវបានស្វាមីអ្នកស្រីជាអ្នកគ្រប់គ្រងកាលពីពេលគាត់នៅមានជីវិត ហើយនៅពេលគាត់ទទួលមរណភាពទូរស័ព្ទរបស់ស្វាមី គឺមិននៅជាមួយអ្នកស្រីនោះទេ គឺនៅខាងគ្រួសាររបស់ស្វាមីទាំងអស់។
អ្នកស្រី សុន្ទរី កំពុងបារម្ភខ្លាចអ្នកដែលចូលគ្រប់គ្រងទំព័រហ្វេសប៊ុកខាងលើ យកទៅប្រើប្រាស់ក្នុងចេតនាមិនល្អណាមួយ។
អ្នកស្រី សុន្ទរី បានប្រកាសសុំឱ្យអ្នកចូលទៅគ្រប់គ្រងទំព័រហ្វេសប៊ុក និងបើកលេខស្វាមីរបស់អ្នកស្រីប្រើ ត្រូវប្រញាប់បញ្ឈប់សកម្មភាពខុសច្បាប់នេះទេ អ្នកស្រីនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕