(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្តល់អំណោយប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
លោក ងួន រតនៈ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែល មានការខ្វះខាតខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារៈសម្រាប់ចែកជូនប្រជាពលរដ្ឋ នៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ និងដាក់កម្លាំង ប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកហូរខ្លាំងលើដងផ្លូវនិងតំបន់ផ្សេងៗ។
លោក ងួន រតនៈ បន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលជួយផ្ដល់ស្បៀង សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខ លំបាកដោយសារទឹកជំនន់ សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌ របស់ថ្នាក់ដឹកនាំដែលបានគិតគូរ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ហើយការចែកអំណោយនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។
លោកថា ថ្វីដ្បិតតែនេះជាអំណោយបន្តិចបន្តួច មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឲ្យជីវភាពប្រសើរឡើង។
អភិបាលខេត្តកំពង់ធំបានគោរពថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ។ ប្រជាពលរដ្ឋ៣០០គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ៕