(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋប៉េកាំង ប្រទេសចិន នៅពេលរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូហោះឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីហោះរយៈពេលជាង ១០ម៉ោង សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានហោះដល់ក្រុងរីយ៉ាដ នៅវេលាម៉ោងជាង ៨យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងម៉ោងជាង១១យប់ ម៉ោងនៅកម្ពុជា។
ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងរីយ៉ាដ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
នាទីក្រុងរីយ៉ាដ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។ កិច្ចប្រជុំនេះ ដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman ព្រះរាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំនៅបណ្តាប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។
កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល ដោយបានប្រកាសថានឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព តាមរយៈការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។
សេចក្តីថ្លែងការណ៍រួមពិនិត្យមើលកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កុមារ និងយុវជនក្រៅសាលា ការអប់រំឌីជីថល ជំនាញឌីជីថល និងការអភិវឌ្ឍជំនាញសតវត្សទី២១ គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលតាមរយៈគំនិតផ្តួចផ្តើម ដូចជាការបណ្តុះបណ្តាលជំនាញសម្រាប់សិស្សានុសិស្ស និងយុវជន ការកសាងសមត្ថភាពសម្រាប់គ្រូបង្រៀន ការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរសិស្សនិស្សិត ការស្រាវជ្រាវ និងការចែករំលែកការអនុវត្ត និងបទពិសោធន៍ល្អៗ។
ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពគ្នាលើឯកសារ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក ២០២៤-២០២៨» និងបានចេញ «សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-អាស៊ាន (GCC-ASEAN) ស្តីពីវឌ្ឍនភាពនៅតំបន់ហ្គាហ្សា»។
ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត និងលោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development - SFD) ផងដែរ។
ក្នុងជំនួបខាងលើ បានជជែកដល់ការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរ។
ក្រៅតែពីជំនួបខាងលើហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ»។ សម្តេចធិបតី បានលើកសំណើតភ្ជាប់រវាងផ្លូវល្បឿនលឿន និងផ្លូវដែករវាងកម្ពុជា ជាមួយវៀតណាម។
ទាំងគំនិតផ្តួចផ្តើម និងសំណើតភ្ជាប់ផ្លូវល្បឿន និងផ្លូវដែកនេះ ទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីវៀតណាម។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅក្រុងរីយ៉ាដ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ មិនបានបង្អង់ ឬពន្យារដំណើរនោះឡើយ គឺបានហោះចេញពីក្រុងរីយ៉ាដភ្លាមៗទាំងម្តង។ សម្តេចធិបតី បានហោះចេញពីរីយ៉ាដ នៅវេលាល្ងាចថ្ងៃទី២០ ខែតុលា ត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជា ហើយគ្រោងមកដល់កម្ពុជានៅវេលាម៉ោងទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ខាងក្រោមនេះ ជាអត្ថបទសំខាន់ៗពាក់ព័ន្ធបេសកកម្មការងារសម្តេចធិបតីនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៖
១៖ សម្តេចធិបតី និងលោកជំទាវ អញ្ជើញដល់ក្រុងរីយ៉ាដ ដោយសុវត្ថិភាព ក្រោយហោះជាង១០ម៉ោង http://fna.asia/a482ab5
២៖ វៀតណាម គាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ» និងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវដែករវាងកម្ពុជា និងវៀតណាម http://fna.asia/2e6f278
៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ http://fna.asia/88d49c0
៤៖ សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត គាំទ្រ ការផ្តល់ហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត http://fna.asia/51812ad
៥៖ នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី http://fna.asia/28201ed